(ព្រះវិហារ)៖ កូនឈើចម្រុះជាង១០០០ដើម ត្រូវបាននាំយកទៅដាំនៅក្នុងសាលាបឋមសិក្សាអូរទ្រលោក ក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ និងកូនឈើចម្រុះចំនួន៦៥០ដើមទៀត ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមផ្ទះ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកមកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរ ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ បានលើកឡងថា ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសេរីភាពពេញលេញ ក្នុងការដើរហើរ ប្រកបរបរចិញ្ចឹមជីវិត សិទ្ធបញ្ចេញមតិ មានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ មានសម្ភារប្រើប្រាស់ទំនើបៗ មានលំនៅដ្ឋានសមរម្យ មាសុភមង្គល ជួបជុំគ្រួសារ ដោយគ្មានបារម្ភ។អ្វីៗទាំងអស់នេះកើតមានគឺដោយសារតែបងប្អូន មានការជឿជាក់យ៉ាងរឹងមាំចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាពដឹកនាំរាជរដ្ឋាភិបាល និងកាច់ចង្កូតប្រទេសជាតិ ឱ្យដើរលើផ្លូវត្រូវ មានសន្តិភាពនិងការអភិវឌ្ឍន៍។

ទាក់ទងនឹងពិធីដាំកូនឈើអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ដែលប្រារព្ធធ្វើនាពេលនេះ លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា ព្រៃឈើ និងមជ្ឈដ្ឋានព្រៃឈើ បានចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាព នូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព ធានាសន្តិសុខស្បៀងនិងបណ្តាញសុវត្ថិភាព លើកកម្ពស់ជីវភាព ផ្តល់មុខរបរ។លោកថាការបាត់បង់ព្រៃឈើគ្រប់ប្រភេទអាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងភាពរាំងស្ងួត នាំឱ្យបាត់បង់សត្វព្រៃ ធនធានធម្មជាតិ។

លោកអភិបាលខេត្តក៏បានណែនាំឱ្យចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។ ត្រូវចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេសភ្លើងឆេះព្រៃ ដើម្បីរក្សាការពារឱ្យបាននូវធនធានព្រៃឈើ សម្រាប់កូនចៅយើងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។

លោកក៏ឧទ្ទិសទិវានេះ ស្ថិតក្នុងបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និងក្លាយជាប្រពៃណី និងការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើ សត្វព្រៃ ដ៍មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា៖ ថ្ងៃនេះកូនឈើចម្រុះចំនួន ១,១៦១ដើម ត្រូវបានយកមកដាំលើផ្ទៃដីទំហ៊ុ ១,៨៥៧ម៉ែត្រការ៉េ នៅក្នុងសាលាបឋមសិក្សាអូរទ្រលោក ដើម្បីអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា និងកូនឈើចម្រុះចំនួន ៦៥០ដើមទៀត បានចែកជូនប្រជាពលរដ្ឋសម្រាប់យកទៅដាំនៅតាមលំនៅដ្ឋាន។

លោកបញ្ជាក់ទៀតថា ខេត្តព្រះវិហារ មានសហគមន៍ព្រៃឈើសរុបចំនួន ៤៨សហគមន៍ ស្មើនឹងផ្ទៃដីសរុបចំនួន ៧១,៣៥០ហិកតា ក្នុងនោះប្រកាសទទួលស្គាល់ដោយក្រសយងកសិកម្មចំនួន ៣៨សហគមន៍ ស្មើនឹងផ្ទៃដី ៧១,៣០៥ហិកតា និងសហគមន៍ព្រៃឈើចុះកិច្ចព្រមព្រៀងជាមរដ្ឋបាលព្រៃឈើ ចំនួន៤០សហគមន៍ ស្មើនឹងផ្ទៃដី ៥៣,៨៣៣ហិកតាផងដែរ៕