(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញចូលរួមដាំដើមឈើនៅវត្តក្ងាន ស្ថិតក្នុងឃុំស្វាយលួងស្រុកកណ្ដៀង ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២។
ការប្រារព្ធទិវាដាំដើមឈើនេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតី ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការគ្រប់គ្រងបរិស្ថាន។ ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។
ជាមួយគ្នានោះ ក៏ជាព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់ នៃធនធានធម្មជាតិ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។ ទិវានេះមានតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ឆ្នាំនេះរខណ្ឌដ្ឋបាលព្រៃឈើពោធិ៍សាត់ បានកំណត់យកទីតាំងវត្តក្ងាន និងតំបន់ព្រៃសហគមន៍ភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្ដៀង ដើម្បីប្រារព្ធពិធីបុណ្យរុក្ខទិវា ដាំដើមឈើ ចំនួន១៤៥០ដើម ក្នុងនោះដាំក្នុងបរិវេណវត្ត ចំនួន១៥០ដើម ដាំក្នុងតំបន់ព្រៃសហគមន៍ ១៣០០ដើម និងកំពុងបន្តដាំថែមទៀត ចំនួន៤០០០ដើម។ ដើមឈើដែលយកមកដាំនេះ មានប្រភេទគ្រញូង ធ្នង់ ច្រេស អាកាស្យា ស្ដៅ អង្កាញ់ និងគគី។ ដោយឡែកកូនឈើ ចំនួន២៥០០ដើមទៀត បានត្រៀមប្រគេន និងចែកជូនព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំនៅតាមវត្ត សាលារៀន អង្គភាព និងតាមគេហដ្ឋានផងដែរ។
លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ពិធីបុណ្យរុក្ខទិវាដែលកំពុងប្រារព្ធធ្វើនៅវត្តក្ងាននេះ មានអត្តន័យនយោបាយ និងបំផុសស្មារតី ដល់មហាជនឱ្យបានយល់ដឹងអំពីគុណប្រយោជន៍ព្រៃឈើ ព្រមទាំងក្រើនរំលឹក ឱ្យជួយជ្រោមជ្រែង ចូលរួមក្នុងការដាំដើមឈើ ដើម្បីជាសុភមង្គល និងសេចក្ដីសុខ នៃប្រទេសជាតិ។ លោកបន្តទៀតថា ដើម្បីធ្វើឱ្យបានសម្រេចនូវគោលនយោបាយ វិស័យព្រៃឈើជាតិ ជាពិសេសចលនាដាំដើមឈើ របស់ពលរដ្ឋម្នាក់ៗ ត្រូវទុកការងារដាំដើមឈើឡើងវិញ និងភារកិច្ចការពារសម្បត្តិព្រៃឈើធម្មជាតិ ជាភារកិច្ចដ៍វិសេសវិសាលរបស់យើងទាំងអស់គ្នា។
លោកប្រធានក្រុមប្រឹក្សា បានឧទ្ទិសពិធីបុណ្យរុក្ខទិវា ដាំដើមឈើនេះ ឱ្យស្ថិតក្នុងបេះដូងប្រជាពលរដ្ឋគ្រប់ៗគ្នា និងសូមឱ្យទិវានេះ ក្លាយជាប្រពៃណីជារៀងរាល់ឆ្នាំ។ លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណជាអនេក ចំពោះខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត សាលាស្រុកកណ្ដៀង ស្ថាប័នជំនាញពាក់ពន្ធ អាជ្ញាធរមូលដ្ឋាន អង្គការរីកូហ្វ ព្រមទាំងអង្គការដៃគូរនៅទូទាំងខេត្តពោធិ៍សាត់ ដែលបានរៀបចំពិធីបុណ្យរុក្ខទិវានេះឡើង ជាឧត្តមប្រយោជន៍នៃសង្គមជាតិទាំងមូល៕