(កំពង់ធំ)៖ ប្រជាពលរដ្ឋ៣នាក់រស់នៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោមបទប្រកាន់ថាបានឈូសឆាយលើដីព្រៃក្នុងតំបន់ការពារធម្មជាតិ កាលពីចុងខែមិថុនា ឆ្នាំ២០២២នោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តសម្រេចឱ្យនៅក្រៅឃុំវិញ បន្ទាប់ពីស្រាវជ្រាវរកឃើញឡើងវិញថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចកាចោទប្រកាន់ឡើយ។
ប្រជាពលរដ្ឋទាំង៣នាក់នោះមានឈ្មោះ៖
១. ឈ្មោះ វ៉ន វី ភេទប្រុស អាយុ៥០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រាច ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវជាម្ចាស់ទីតាំងដី។
២. ឈ្មោះ ថាន មុន្នី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវជាម្ចាស់ត្រាក់ទ័រ។
៣. ឈ្មោះ រ៉ាន់ រ៉ុន បច្ចុប្បន្នរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យឈ្មោះ ថាន មុន្នី។
គួរជម្រាបថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានចុះចាប់ត្រាក់ទ័រ១គ្រឿង និងឃាត់ខ្លួនមនុស្ស២នាក់ដែលពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃមួយកន្លែង ស្ថិតនៅភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងនោះមានឈ្មោះ វ៉ន វី ដែលត្រូវជាម្ចាស់ដី និងឈ្មោះ រ៉ាន់ រ៉ុន ដែលត្រូវជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេ។
ក្រោយមក សមត្ថកិច្ចបានយកត្រាក់ទ័រនោះទៅទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលដូង នៃស្រុកប្រាសាទបល្ល័ង្ក។ ម្ចាស់ត្រាក់ទ័រឈ្មោះ ថាន មុន្នី ក្រោយពេលដឹងថាត្រាក់ទ័ររបស់ខ្លួនត្រូវសមត្ថកិច្ចចាប់ ហើយក៏មានប៉ូលីសតេហៅឱ្យទៅប៉ុស្តិ៍ នគរបាលផងនោះ រូបគេក៏បានជិះម៉ូតូទៅប៉ុស្ដិ៍ដូងភ្លាម ក៏ស្រាប់តែទៅដល់ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះដៃតែម្ដង។
ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ បុរសទាំង៣នាក់នេះត្រូវរងការចោទប្រកាន់ពីបទ «កាប់គាស់រុករានឆ្ការដុតព្រៃ និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ»។
ក្រោមការស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំសាមគ្គី ព្រមទាំងការទទួចសុំឱ្យជួយរកយុត្តិធម៌ពីក្រុមគ្រួសារជនទាំង៣នាក់ខាងលើ ក៏ដូចជាការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដែលដឹងសាវតាដីធ្លីច្បាស់ផងនោះ ករណីនេះក៏ត្រូវបានគោរពជូនទៅដល់អភិបាលខេត្តកំពង់ធំលោក ងួន រតនៈ។
លោកអភិបាលខេត្តក៏បានអន្តរាគមន៍បញ្ជាឱ្យមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ធ្វើកិច្ចសហការជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីនេះឱ្យជាក់ប្រាកដ។
ទីបំផុត ប្រជាពលរដ្ឋទាំង៣នាក់ដដែលនោះក៏ទទួលបានយុត្តិធម៌មកវិញ ជាមួយនឹងការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ យោងតាមលិខិតរបស់មេធាវីការពារក្ដីឱ្យអ្នកទាំង៣ខាងលើបានបញ្ជាក់ថា កូនក្ដីរបស់ខ្លួនមិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់នោះទេ ដោយដីដែលកូនក្ដីរបស់ខ្លួនបានកាប់គាស់ឆ្ការព្រៃនិងឈូសឆាយនោះ គឺជាដីស្រែចម្ការសម្រាប់ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមគ្រួសារតាំងពីរាប់សិបឆ្នាំមកហើយ មិនមែនជាដីស្ថិតក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋហាមឃាត់នោះទេ ដោយយោងតាមគំនូសផែនទីបញ្ជាក់ពីទីតាំង។
ក្រោយទទួលបានសិទ្ធិនៅក្រៅឃុំរួចមក ប្រជាពលរដ្ឋទាំង៣នាក់ រួមទាំងគ្រួសារផងនោះក៏បានថ្លែងអំណរគុណលោកអភិបាលខេត្ត ងួន រតនៈ ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធនានា ដែលបានជួយរកខុសត្រូវជូនពួកគាត់ដែលជាប្រជាពលរដ្ឋសុចរិត និងប្ដេជ្ញាបំពេញតាមកាតព្វកិច្ចតាមសេចក្ដីតម្រូវរបស់តុលាការ និងតាមនីតិវិធីច្បាប់៕