(ព្រះសីហនុ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យម ទៅបង្គួរ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា ឆ្នាំ២០២២។
តាមស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល នឹងអាចមានរភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ហើយបណ្តា ខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក, តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងតំបន់មាត់សមុទ្រ នឹងអាច មានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ហេតុដូច្នេះ សូមសាធារណជនមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិ។
ជាមួយនឹងស្ថានភាពបែបនេះ លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដព្រះសីហនុ បញ្ជាក់បន្ថែមថា បើទោះស្ថានភាពអាកាសធាតុនៅខេត្ដព្រះសីហនុ មានលក្ខណៈល្អប្រសើរបន្ដិចក្ដី ក៏ស្នើសុំឱ្យមានការប្រុងប្រយ័ត្នបាតុភូតធម្មជាតិ ដែលបង្កឡើងដោយការប្រែប្រួលធាតុអាកាស ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ។
លោកថា ពីរសប្ដាហ៍កន្លងទៅ ធាតុអាកាសនៅខេត្ដព្រះសីហនុ មានសភាពអាប់អួរ បានធ្វើឱ្យភ្លៀងធា្លក់បន្ដបន្ទាប់ បានបង្កជាជំនន់ទឹកភ្លៀងជន់លិចតំបន់ទំនាបខ្លះៗ ដូចជា កំណាត់ផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ត្រូវបានផ្អាកចរាចរ និងកាបិទផ្អាកចរាចរលើផ្លូវទឹក ព្រមទាំងបានប៉ះពាល់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៤០គ្រួសារ នៅឃុំ-ស្រុកកំពង់សីលានាពេលកន្លងទៅផងដែរ៕