(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី មានដូចជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា «វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់» នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការចូលរួមឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង, លោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត, លោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។
អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន៖ អង្ករ ចំនួន ៥០ការ៉ុង ស្មើនឹង ២,៥០០គីឡូ, មី ចំនួន ២០០កេសធំ (២,៤០០កេសតូច), ទឹកសុទ្ឋវីតាល់ ចំនួន ២០០កេស, ទឹកដោះគោ ចំនួន ៥០កេស, ទឹកសណ្តែក ចំនួន ៥០កេស និងថវិកា ចំនួន១,០០០ដុល្លារផងដែរ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក ស សុខា និងលោកស្រី កែ សួនសុភី ចំពោះក្មួយៗកុមារកំព្រាទាំងអស់ផងដែរ។
លោកក៏បានអំពាវនាវដល់ក្មួយៗ ពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ «៣កុំ និង៣ការពារ» ដើម្បីគេចផុតពីជំងឺកូវីដ១៩៕