(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទ ដែលបានដាំរួច នៅក្នុងរាជធានីភ្នំពេញឲ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋឲ្យចេះស្រលាញ់ និងមើលថែដើមឈើផងដែរ។
លោកជំរុញបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្ត ភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានា រួមទាំងវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ រហូតធ្វើឱ្យប្រទេសកម្ពុជា បានរួចផុតពីវិបត្តិនៃជំងឺរាតត្បាតនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែក ចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។
លោក ឃួង ស្រេង បានបន្តទៀតថា នៅភ្នំពេញបានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ដើមឈើ។ នេះជាបញ្ហាមួយដែលត្រូវតែយកចិត្តទុកដាក់ មើលថែដើមឈើឲ្យបានម៉ត់ចត់។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានលើកឡើងថា រុក្ខទិវាត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។
ការដាំដើមឈើនៅវត្ត ភ្នៀតសិម្ពលី អាជ្ញាធររាជធានីភ្នំពេញ ដាំដើមឈើចម្រុះប្រភេទ មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍ សរុបចំនួន ១១,០៧២ដើម។ លើសពីនេះ ក៏បានដាំដើមឈើចំនួន ៣៣,១១៦ដើមទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួនប្រមាណ ៣០,០០០ដើម ក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែលសម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនា មានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលា រៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០,០០០ដើម៕