(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ទោះបីជាមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ចាំបាច់ និងទាន់ពេលវេលា។

លោកបន្ថែមថា ការពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ការកសាងសមត្ថភាពធនធានមនុស្ស និងហិរញ្ញាវត្ថុ ជាគន្លឹះយ៉ាងសំខាន់សម្រាប់អនុវត្តផែនការ សកម្មភាពជាតិ ឲ្យមានប្រសិទ្ធភាពស្រប់តាមស្ថានភាពវិវត្តន៍ជាក់ស្តែងរបស់កម្ពុជា។

រាជរដ្ឋាភិបាលកំពុងតែអនុវត្តកម្មវិធីធំៗចំនួន៣រួមមាន៖
១៖ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។
២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណអទិភាព ដើម្បីសម្រាលបន្ទប់ជីវភាព និងអាហារូបត្ថម្ភដល់ស្រ្តី និងកុមារ។
៣៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីស្ថានការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺកូវីដ១៩ នេះជាបន្តបន្ទាប់ ក្នុងទិសដៅធានាសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។

ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាកុមារ ឲ្យទទួលបានលទ្ធផលកាន់តែល្អ លោក នឹម ថូត ក៏បានលើកនូវសំណូមពរ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមយកចិត្តទុកដាក់ពិនិត្យពិចារណា លើអនុសាសន៍របស់គណៈកម្មកាធិការសិទ្ធកុមារ នៃអង្គការសហប្រជាជាតិ ដោយដាក់បញ្ចូលអនុសាសន៍ដែលពាក់ព័ន្ធក្នុងច្បាប់ គោលនយោបាយ ផែនការ និងលិខិតបទដ្ឋាននានារបស់ក្រសួង ស្ថាប័នរបស់ខ្លួន ក្នុងទិសដៅខិតខំការពារគាំទ្រឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

បន្ថែមពីលើនេះ លោក គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កាលពីថ្ងៃទិ០៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាទទួលបានអនុសាសន៍មួយចំនួន ដែលជាសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ មាន៤៨អនុសាសន៍។ អនុសាសន៍ទាំងនោះ ជាអនុសាសន៍ក្នុងន័យស្ថាបនា ដើម្បីឲ្យកម្ពុជាបន្តអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរឡើងស្របតាមស្ថានភាពវិវត្តន៍ជាក់ស្តែងរបស់កម្ពុជា។

លោកបានបន្តថា ជាទិសដៅបន្តអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នឹងជំរុញការអនុវត្តអនុសាសន៍ទាំងអស់ឲ្យបានជោគជ័យដូចជា៖

១៖ រៀបចំសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបែងចែងអនុសាសន៍ទៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ និងគោលបំណងជំរុញអនុសាសន៍ឲ្យមានប្រសិទ្ធភាព។

២៖ លើកកម្ពស់ការផ្សព្វផ្សាយនេះដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ ក្រោមជាតិ និងដល់កុមារៗឲ្យបានទូលំទូលាយ។

គួរបញ្ជាក់ថា នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដលោកដឹកនាំ ដោយលោកស្រី ជូ ប៊ុនអេង ទៅចូលរួមការពាររបាយការណ៍ស្តីពីការអនុវត្តសិទ្ធិកុមាររបស់កម្ពុជា ក្នុងកិច្ចប្រជុំលើកទី៩០ របស់កណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយទទួលបានលទ្ធផលល្អ ស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមានយន្តការគ្រប់គ្រង និងចាត់ចែងច្បាស់លាស់ បន្ទាប់ពីកិច្ចប្រជុំ កម្ពុជាបានទទួលអនុសាសន៍មួយចំនួន ដែលជាសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ មាន៤៨អនុសាសន៍៕