(សៀមរាប)៖ ពលរដ្ឋក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងផ្សេងៗគ្នា អំពីសណ្ដាប់ធ្នាប់អនាម័យផ្លូវ៣៨ខ្សែ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់បានរយៈពេល៣ខែ។ ពួកគេបានលើកឡើងថា ស្ថានភាពរស់នៅ និងសោភ័ណភាពមានការផ្លាស់ប្ដូរ តែទន្ទឹមនឹងនោះ ពលរដ្ឋក៏ចង់ឱ្យមានការចូលរួមសម្អាតផ្លូវឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២២នេះ អ្នកស្រី ស៊ុត វណ្ណៈ ដែលប្រកបរបរលក់ទំនិញចាប់ហួយរយៈពេល៦ឆ្នាំមកហើយ បានលើកឡើងថា កាលពីមិនទាន់បានស្ថាបនាផ្លូវ និងប្រព័ន្ធលូ នៅពេលមានភ្លៀងម្តងៗ ទឹកបានហូរចូលក្នុងផ្ទះអ្នកស្រីជាប្រចាំ ដោយប្រព័ន្ធលូពីមុនតូច ហើយភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃទៀត ធ្វើឲ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន។ ក្រោយពីរាជរដ្ឋាភិបាល ស្ថាបនាផ្លូវចំនួន៣៨ខ្សែ គឺមិនមានការជន់លិចដោយជំនន់ទឹកភ្លៀងដូចពីមុនទៀតទេ ទោះបីភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាក៏ដោយ យ៉ាងយូរក្រោយពីភ្លៀងធ្លាក់កន្លះម៉ោងគឺហូរអស់ហើយ។
ទន្ទឹមនឹងនោះ អ្នកស្រីក៏បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងផ្លូវចំនួន៣៨ខ្សែ ត្រូវជួយថែរក្សា បោសសម្អាតដីនៅតាមគែមផ្លូវ ខាងមុខបរិវេណផ្ទះឲ្យបានស្អាត ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង។
ចំណែកលោកយាយ ស៊ូ សុក ដែលកំពុងបោះសម្អាតដីនៅតាមគែមផ្លូវខាងមុខផ្ទះ បាននិយាយទាំងទឹកមុខរីករាយថា លោកយាយបោសសម្អាតដីនេះ ដោយមិនចង់អោយដីហុយចូលក្នុងផ្ទះ និងកុំឲ្យដីហូរចូលក្នុងលូ ដែលធ្វើឲ្យប្រព័ន្ធលូមានការកកស្ទះនៅពេលក្រោយ។
រីឯអ្នកស្រី នី ដែលប្រកបរបរលក់មីឆា និងគុយទាវ ក៏លើកឡើងមិនខុសគ្នាដែរ ដោយអ្នកស្រីសម្អាតមុខកន្លែងលក់ដូរជាប្រចាំ ដើម្បីភ្ញៀវមើលមកមានសោភ័ណភាពល្អ និងមានការទាក់ទាញភ្ញៀវផងដែរ។
សូមរម្លឹកផងដែរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ បើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែង១០៦.៤២គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ប្រមាណ១៦០លានដុល្លារផងដែរ៕