(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម លើកទី២ ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន ស.ស.យ.ក វិស័យរ៉ែ និងថាមពល សរុបចំនួនប្រមាណ៧០នាក់។
កម្មវិធីសប្បុរសធម៌ បរិច្ចាគឈាមនេះ មានការអញ្ជើញចូលរួមពីលោក ឌិត ទីណា រដ្ឋលេខាធិការ តំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
ថ្លែងក្នុងកម្មវិធីនេះ លោក ឌិត ទីណា បានឲ្យដឹងថា កម្មវីធីបរិច្ចាគឈាម ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពលនេះ កើតឡើងចេញពីការស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពល។
លោក ឌិត ទីណា បានបញ្ជាក់ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ជួយឧបត្ថម្ភ និងសង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺខ្វះឈាមទូទាំងប្រទេស និងដើម្បីចូលរួមចំណែក លើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពសង្គមកម្ពុជា ព្រមទាំងជាការបញ្ជាក់អំពីចិត្តសប្បុរស និងទឹកចិត្តអាណិតស្រលាញ់។
បន្ថែមពីនោះទៀត លោក ឌិត ទីណា បានលើកឡើងថា កម្មវិធីសប្បុរសធម៌ បរិច្ចាគឈាមនេះ គឺការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមជួយ ដល់ជនរងគ្រោះគ្រប់រូប ដែលមានតម្រូវការឈាមជាបន្ទាន់ ក្នុងគ្រាអាសន្ន។
សូមបញ្ជាក់ថា នេះជាលើកទី១០ហើយ ដែលក្រសួងរ៉ែ និងថាមពល បានរៀបចំកម្មវីធីបរិច្ចាគឈាម គិតចាប់ពីឆ្នាំ២០១៦មក។ ការបរិច្ចាគឈាម ចំនួន៩លើកកន្លងមកនេះ ក្រសួងរ៉ែ និងថាមពល បានផ្ដល់ឈាមសរុបចំនួន៣៣៩ប្លោក៕