(ក្រចេះ)៖ ចាប់ពីថ្ងៃទី១៨ ដល់ ២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បានចុះជួបសំណេះសំណាលជាមួយ គ្រូខ្មែរឥស្លាម និង គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អ៉ីម៉ាំម៉ាស្ជិត និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការសម្រសម្រួលកា រធ្វើលិខិតថ្កោលទោស ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីបំពេញបែបបទជូន ក្រសួងមុខងារសាធារណៈ មុននឹងក្រសួងសម្រេចជាស្ថាពរបើកប្រាក់ខែ ជូនគ្រូ តួនទាំងអស់ ដែលត្រូវបានបញ្ចូល ក្នុងក្របខណ្ឌមន្រ្តីរាជការ នៃក្រសួងអប់រំយុវជននិងកីឡា។
មកដល់ថ្ងៃទី២៥ ខែឧសភានេះ ជាការចុះជួបចុងក្រោយប្រារព្វធ្វើឡើងនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដែលមាន គ្រូខ្មែរឥស្លាម ថ្នាក់ដឹកនាំឥស្លាមថ្នាក់ខេត្ត ក្រុង ស្រុក និង ភូមិ ក្នុងខេត្តចំនួន៤ខេត្តរួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដែលអ្នកចូលរួមប្រមាណជាង៥០០នាក់ មកជួបជុំសំណេះ សំណាលក៏ដូចជាការបំពេញបែបបទ ធ្វើលិខិតថ្កោលទោស ចំពោះអ្នកដែលជាគ្រូ បង្រៀន បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចូលគ្រូខ្មែរឥស្លាម ១៥០០នាក់ចូលទៅក្នុងគ្រូក្របខណ្ឌ នៃក្រសួង អប់រំយុវជននិងកីឡា តាំងពីខែសីហា ឆ្នាំ២០១៥ ដោយមកដល់ពេលនេះ គ្រូទាំងនោះនៅពុំទាន់បំពេញ បែបបទនានា រហូតដល់ឈានដល់ការបើកប្រាក់ខែនៅឡើយ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្រោយពីយុទ្ឋនាការបំពេញបែប បទលិខិតថ្កោលទោសហើយ ក្នុងពេលមិនយូរទៀតទេ ប្រហែលអំឡុងពេល១ ឬ២ខែទៀត ក្រសួងនឹងចាប់ ផ្តើមប្រគល់ប្រាក់ ខែជូនគ្រូខ្មែរឥស្លាមទាំងអស់ ដែលតាមដឹងគ្រូទាំងអស់នឹងត្រូវបើក ប្រាក់ខែជូន រាប់តាំងពីខែសីហា ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ផ្អែកទៅលើសេចក្តីជូនដំណឹងរបស់ រាជរដ្ឋាភិបាលពីមុនមក។
លោករដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងអំពីគម្រោងបើកផ្លូវរបស់រាជរដ្ឋាភិបាល និងសាលារាជធានីកាត់តាមដីវាលរបស់វិហារ ឥស្លាមអាល់សារកាលបឹងកក់ថា ក្នុងនាមថ្នាក់ដឹកនាំឥស្លាម ទាំងអស់ សូមបដិសេធរាល់ការចោទប្រកាន់ផ្សេងៗ របស់ភាគីជំទាស់មួយក្តាប់តូច ដែលធ្វើការចោទប្រកាន់គ្មានភុស្តតាង និងមួលបង្កាច់ផ្សេងៗ ក្នុងគោលបំណងញុះញង់ បង្កឲ្យមានភាពល្អក់កករ ក្នុងស្រទាប់ សហគមន៍ ជាពិសេសការបើកដៃឲ្យភាគីបក្សប្រឆាំង ឆ្លៀតឱកាសកេងប្រវ័ញនយោបាយប៉ុណ្ណោះ។
គួរបញ្ជាក់ថា រាល់ការជួបជុំគ្រប់បណ្តាខេត្តក្រុង សមាសភាពចូលរួមទាំងឡាយបាន អបអរសាទរជាមួយនឹងការជិតខិត មកដល់នូវការបើកប្រាក់ខែ របស់គ្រូខ្មែរឥស្លាមដែលរង់ចាំជិតមួយឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ គ្រូៗទាំងឡាយ និងមេដឹកនាំសាសនាឥស្លាម គ្រប់ខេត្តស្រុក ភូមិ ប្រជាពលរដ្ឋសាសនិកខ្មែរ ឥស្លាមបានធ្វើការគាំទ្រ ដោយបានលើកដៃអបអរសាទរ លើគម្រោងបើកផ្លូវ របស់សាលារាជធានី ដោយពួកគាត់យល់ឃើញថា វាជាគម្រោងល្អទៅវិញទេ ខណៈដែលទីតាំង វិហារសព្វថ្ងៃហាក់ដូច ជានៅក្នុងតំបន់ច្រកល្ហក វាប្រសើរណាស់ដែលរដ្ឋាភិបាលបើកផ្លូវ ដែលជា ដង្ហើមសេដ្ឋកិច្ច សម្រាប់ព្រះវិហារនិង តំបន់ជុំវិញ ក៏ដូចជាសោភ័ណភាពនៅតំបន់នេះ និងរាជធានីភ្នំពេញទាំងមូលផងដែរ៕