(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះមកផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលធ្វើឡើងនៅក្នុងវត្តព្រះបារមីវង្កដ្ឋបូរី នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ដោយសារថ្ងៃនេះជាថ្ងៃសីល គឺជាឱកាសមួយ ដែលយើងបានជួបជុំលោកតា លោកយាយ គាត់មកវត្ដ ដូច្នេះយើងបានដាក់ក្រុមការងាររបស់យើង មកផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផង និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋផង ក្នុងនោះក៏ព្រះសង្ឃគង់នៅវត្ដអារាមនេះផងដែរ»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងទៀតថា «ទោះពួកគាត់ខ្លះមិនបានយកកាតវ៉ាក់សាំងមក ក៏យើងចាក់ជូនដែរ ដោយយើងគ្រាន់តែកក់ឈ្មោះ និងលេខទូរស័ព្ទរបស់គាត់ ដើម្បីបំពេញបែបបទតាមក្រោយ ព្រោះអ្វីដែលយើងគិតជាចម្បង គឺការពារជីវិតរបស់ពលរដ្ឋយើងជាធំ។ លើសពីនេះ ទាំងការងារចាក់វ៉ាក់សាំង និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើជូនពួកគាត់រហូតទាល់តែអស់ ដោយយើងបានត្រៀមក្រុមគ្រូពេទ្យរបស់យើង ពីមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត ចាំទទួលពិនិត្យព្យាបាលពួកគាត់ នៅក្នុងបរិវេណវត្ដ វង្គដ្ដបូរីនេះ»។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា កិច្ចការងារនេះទាំងនេះ គឺជាការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ជូនផង និងយើងមានភារកិច្ចបម្រើប្រជាជនយើងផង ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង គូសបញ្ជាក់ថា «បច្ចុប្បន្ននេះ ដោយសារមេរោគកូវីដ១៩ប្រភេទថ្មី មានករណីឆ្លងច្រើន តែមិនមានករណីសា្លប់ទេ ដោយសារប្រជាពលរដ្ឋយើងបានចាក់វ៉ាក់សាំងរួចរាល់ ដូច្នេះដើម្បីបង្កើនភាពសុំាឱ្យអង្គការពាររាងកាយកុំឱ្យថយចុះ ហេតុដូចនេះហើយបានជាតម្រូវឱ្យពលរដ្ឋយើង ចាក់វ៉ាក់សាំងដូសជំរុញបន្ថែមឱ្យបានគ្រប់ៗគ្នា ទៅតាមចំនួន ដែលជាការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី»។
លោកស្រី ហែម សុផល អាយុ៦៤ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមកទទួលយកសេវាព្យាបាល និងចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ បានថ្លែងថា «កាលខ្ញុំមិនទាន់ចាក់វ៉ាក់សាំង ខ្ញុំស្គម ឈឺចង្កេះ មួយថ្ងៃកោសខ្យល់ បី-បួនដង ហូបមិនបាន តែក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ ខ្ញុំមានសុខភាពរឹងមាំ មិនឈឺដូចមុនទេ ហើយធាត់ ហូបបានសម្រានលក់ស្រួល ពិសេសបានការពារជីវិតពីជំងឺកូវីដ១៩ទៀតផង»។
លោកស្រីបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា «ដែលបានផ្ដល់វ៉ាក់សាំង ដែលដូចជាឱសថទិព្វ មកដល់ពួកខ្ញុំជាប្រជាពលរដ្ឋ បានចាក់ការពារជីវិតហើយ បានធ្វើឱ្យខ្ញុំមានសុខភាពល្អជាងមុនទៀត ពីមុនខ្ញុំពិបាកចិត្ដណាស់ មិនដឹងថា ត្រូវទៅព្យាបាលជំងឺរោគអីខ្លះទេ តែដោយសារសម្ដេច យកវ៉ាក់សាំងមក ចាក់ទៅខ្ញុំជា ខ្ញុំអាចទៅវត្ដឆ្ងាយៗ ធ្វើបុណ្យធ្វើទាន សប្បាយចិត្ដណាស់»។
ទន្ទឹមនឹងនោះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មកចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ពិសេសចាស់ៗសុខភាពមិនល្អ ចាក់ហើយនឹងបានសុខភាពល្អរឹងមាំវិញ និងបានការពារជំងឺកូវីដ១៩ផង។
សូមជម្រាបថា ក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ដវង្គដ្ដបូរីផងដែរ៕