(កែប)៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល បានជំរុញឲ្យកងកម្លាំង នគរបាលទាំងអស់ទាំងថ្នាក់ខេត្ត-ស្រុក និងនៅតាមឃុំ បន្តប្រតិបត្តិការចុះពង្រឹង ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការជួយអន្តរាគមន៍ភ្លាមៗ ជូនប្រជាពលរដ្ឋនៅពេល មានបញ្ហាអ្វីមួយកើតឡើង។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល បានរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍លទ្ធផល ការងារ ឆមាសទី១ និងលើកទិសដៅបន្ត។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីលោកស្នងការរងទទួលផែន នាយរងការិយាល័យ ក្រុមចំរុះនគរបាលខេត្តទាំង៧ក្រុម អង្គភាពអន្តរាគមន៍ អធិការ អធិការង នគរបាលក្រុង-ស្រុក និងប៉ុស្តិ៍រដ្ឋបាលសរុប១១៧នាក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតចំនួន ៥/១៤លើក ថយចុះ៩លើក (បទល្មើសឃាតកម្ម១លើកនិង អំពើហិង្សា៤លើក)។ ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ៩លើក ចាប់ជនសង្ស័យ៩នាក់ និងបង្រ្កាបគ្រឿងញៀន៤លើក ចាប់ជនសង្សយ ៨នាក់។ ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញ បានកើត៥១/៥៨លើក ថយចុះ៧លើក បណ្តាលឲ្យស្លាប់៤/៦នាក់ ថយចុះ២នាក់ របួសធ្ងន់ ៦១/៤២នាក់ កើនឡើង១៩នាក់ និងរបួសស្រាល ៤២/៥៩នាក់ ថយចុះ១៧នាក់។ រីឯអត្តសញ្ញាណប័ណ្ណវិញ ត្រូវបានកម្លាំងនគរបាល បានផ្តល់ជូនប្រជាពលរដ្ឋចំនួន៥២០៨នាក់។
គិតមកដល់ពេលនេះយើងផ្តល់បាន២៦១១២នាក់ នៅសល់ត្រូវផ្តល់២៧៤៣នាក់ លើផែនការ២៨.៨៦៥នាក់។ ក្រៅពីនោះកម្លាំង នគរបាល បានចុះជួយអន្តរាគមន៍ ជូនប្រជាជន ដូចជា ចេញល្បាតជាប្រចាំទាំងថ្ងៃទាំងយប់ ចុះជួយប្រជាជនរងគ្រោះ ដោយខ្យល់ព្យុះ ប្រជាជនអត់ទឹកប្រើប្រាស់ ជួយដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ជួយដឹកអ្នកជំងឺ និងដឹកសពបានចំនួន៤៤លើកផងដែរ។ នៅចំពោះមុខកងកម្លាំងនគរបាលរបស់ខ្លួន លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល បានសំដែងការសាទរចំពោះមន្ត្រីដឹកនាំកងកម្លាំង គ្រប់អង្គភាពដែលបានយកចិត្តទុកដាក់ បំពេញតួនាទី តាមការដឹកនាំពីថ្នាក់លើ ធ្វើឲ្យមូលដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅក្នុងសន្តិភាព និងស្ថិរភាព។ លោកស្នងការបានជំរុញបន្តការងារស្នូលដើម្បីស្ថិរភាពមូលដ្ឋាន និងត្រូវខិតខំកែលំអរ ពង្រឹងសមត្ថភាពកម្លាំងពង្រឹងវិន័យ សីលធម៌ ដើម្បីធានាការអនុវត្តន៍តួនាទីភារកិច្ច បានល្អប្រសើបន្ថែមទៀត៕