(ស្ទឹងត្រែង)៖ ផ្សារខេត្តស្ទឹងត្រែង ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នោះ រហូតមកដល់ពេលនេះ សាងសង់ឡើងវិញ បានប្រមាណ៣៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឲ្យអាជីវករលក់ដូរឡើងវិញ នៅចុងឆ្នាំ២០១៦នេះ។
ដើម្បីពន្លឿនដល់ការសាងសង់ផ្សារឲ្យបានឆាប់រួចរាល់ ជូនអាជីវករលក់ដូរនោះ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជារការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាព នៃការសាងសង់ផ្សារមួយនេះ។
ជាមួយការចុះពិនិត្យដំណើរការសាងសង់ផ្សារ និងពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ អំពីការសាងសង់ផ្សារនេះ និងសុខទុក្ខអាជីវករដែលបានជួបនូវគ្រោះអគ្គិភ័យ។
ក្នុងឱកាសនៃការចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្សារនេះ ទាំងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និង លោក ម៉ុម សារឿន បានបង្ហាញប្លង់ផ្សារទំាំងមូល ប្លង់តូប និងប្លង់ហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត រួមទាំងប្រព័ន្ឋទឹក ភ្លើង និងប្រពន្ឋ័សុវត្ថិភាពជាដើម ជូនដល់ក្រុមអាជីវករ។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានគូសបញ្ជាក់ផងដែរថា ផ្សារស្ទឹងត្រែង ដែលកំពុងសាងសង់ឡើងវិញ ក្រោយពីអគ្គិសភ័យឆេះនេះ នឹងត្រូវរៀបចំឡើងប្រកបដោយសោភណ្ឌភាព ផាសុខភាព សន្តិសុខ និងសុវត្ថិភាពខ្ពស់បំផុត។ លើសពីនេះ ក៏នឹងត្រូវផ្តល់ជូនតូបគ្រប់ចំនួនជូនអាជីវករវិញ ដែលស្របទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ក្រោយពីពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្សារ និងនាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះក្រុមអាជីវកររួចរាល់ហើយនោះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និង លោក ម៉ុម សារឿន បានដឹកនាំកិច្ចប្រជុំ ជំរុញការងារសាងសង់ផ្សារ ឲ្យបានលឿនជូនអាជីវករ ព្រមទាំងការស្រង់ស្ថិតិអាជីវករ និង កំណត់គំរូតូបនៅក្នុងផ្សារ។
សូមបញ្ជាក់ថា កាលពីម៉ោង ១០៖៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាប់ឆេះផ្សារស្ទឹងត្រែង ក្នុងនោះតូបលក់ដូប្រមាណ១២២០តូប ត្រូវឆេះបំផ្លាញអស់ទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន បានធានាចេញថ្លៃសាងសង់ផ្សារឡើងវិញជូនក្រុមអាជីវករ ហើយមិនឲ្យមានការទិញលក់ ឬជួលតូបនៅក្នុងផ្សារនេះឡើយ៕