(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យរំហូរនៃការនាំចេញកសិផលពោតក្រហមនិងមៀនប៉ៃលិន ដើម្បីសិក្សាពីលទ្ធភាព នៃការ ធ្វើពិពិធកម្មទីផ្សារ និងបន្ថែមតម្លៃកែច្នៃទៅក្នុងខ្សែច្រវាក់ តម្លៃផ្គត់ផ្គង់ កសិផលនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។
ក្នុងដំណើរចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយមានការចូលរួមផងដែរ ពីតំណាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងម្ចាស់សៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្ម ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងប្រតិភូ ក្រសួងបាន ចុះទៅពិនិត្យផ្ទាល់នូវស្ថានភាព នៃការនាំចេញ កសិផល នៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងពិនិត្យ ផ្ទាល់នៅតាមទីតាំងសៃឡូមួយចំនួន នៅក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាល និងស្តាប់សំណូមពររបស់តំណាងសៃឡូ ដើម្បីសិក្សាស្វែងយល់បន្ថែម ពីបញ្ហាប្រឈមនានា ជុំវិញការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការនាំចេញផលិតផល ពោត ក្រហម និងមៀនប៉ៃលិនទៅកាន់ទីផ្សារក្រៅប្រទេស។
ក្រុមកសិករផលិត តំណាងសៃឡូ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីបញ្ហាដែលកំពុងជួបប្រទះ និងស្នើសុំឱ្យជួយសម្របសម្រួលរកដំណោះស្រាយលើបញ្ហាមួយចំនួន រួមមាន៖ តម្លៃវត្ថុធាតុដើមបម្រើឱ្យកសិកម្មមានតម្លៃខ្ពស់ ជួបបញ្ហាបច្ចេកទេសនិងស្តង់ដារសម្រាប់ផលិតផលពោតក្រហមនិងមៀនប៉ៃលិន ដោយមិនទាន់មានការយល់ដឹងបានល្អិតល្អន់អំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម និងការចុះបញ្ជីការអនុវត្តកសិកម្ម ល្អ (Good Agriculture Practice-GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ព្រមទាំងការស្នើសុំភូតគាមអនាម័យ ( SPS) ជាដើម ទោះបីជាកន្លងមកមានមន្ត្រីជំនាញបានចុះណែនាំ និងផ្សព្វផ្សាយរួចហើយក៏ដោយ។ ក្រុមផលិតករតំណាងសៃឡូ ស្នើសុំឱ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិនិត្យនិងជួយដោះស្រាយនូវសំណូមពរទាំងនេះ រួមទាំងជួយរកដំណោះស្រាយដល់ការកំណត់ស្តង់ដារទម្ងន់រថយន្តផ្ទុកខុសគ្នារវាងកម្ពុជា និងថៃផងដែរ ដើម្បីឱ្យការផលិតមានស្ថិរភាព ការដឹកជញ្ជូនកសិផល និងនាំចេញពោតដំណើរការបានរលូន។
ជាការឆ្លើយតបទៅនឹងសំណូមពរដែលបានលើកឡើង លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានផ្តល់អនុសាសន៍ណែនាំឱ្យអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានពាក់ព័ន្ធពិនិត្យ និងដោះស្រាយបញ្ហាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឱ្យបានឆាប់បំផុត រីឯបញ្ហាទាក់ទងនឹងអន្តរវិស័យ ក្រសួងពាណិជ្ជកម្ម នឹងពាំនាំយកសំណូមពរទាំងនេះទៅពិនិត្យជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ហើយរកដំណោះស្រាយសមស្របជូនតាមការជាក់ស្តែង សំដៅចៀសវាងការជួបបញ្ហាប្រឈមដដែលៗ ដែលជាឧបសគ្គដល់ការផលិត និងការនាំចេញ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានជម្រាបថា៖
-ការពិតណាស់ដែលវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានបង្កឱ្យទំនិញមួយចំនួនឡើងថ្លៃ តែទោះជាយ៉ាងនេះក៏ដោយ ក្រសួងពាណិជ្ជកម្មនៅតែបន្តឃ្លាំមើលសទ្ទស្សន៍ថ្លៃទំនិញ ដោយមិនបណ្តោយឱ្យមានអតិផរណាកើតឡើងពីការឆ្លៀតឱកាសដំឡើងថ្លៃទំនិញពីជនឬឈ្មួញខិលខូចនោះឡើយ។
-ចំពោះការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការ លោករដ្ឋមន្ត្រីបានជម្រាបថា ក្រោយកម្ពុជាចុះហត្ថលេខាលើពិធីសារជាមួយភាគីចិនរួច មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការ ចុះបញ្ជីចម្ការសម្រាប់ផលិតផលមៀនប៉ៃលិន ហើយបានចុះបញ្ជីចម្ការបានមួយចំនួនធំហើយ
-សម្រាប់ផលិតផលពោតក្រហម ការយល់ដឹងអំពីការអនុវត្តកសិកម្មល្អ (GAP) នីតិវិធីសម្រាប់ការស្នើសុំភូតគាមអនាម័យ ( SPS) និងការបំពេញបែបបទសម្រាប់ការនាំចេញ គឺមានការតម្រូវឱ្យអនុវត្តតាមគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀងតំបន់និងអន្តរជាតិ ដែលក្រសួងពាណិជ្ជកម្មនឹងបញ្ជូនសំណូមពរនេះ ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងធ្វើការឆ្លើយតបតាមការប្រញាប់ដែលអាចធ្វើទៅបាន ផងដែរ។
-ចំពោះការកំណត់ស្តង់ដារទម្ងន់រថយន្តផ្ទុកខុសគ្នារវាងកម្ពុជានិងថៃ ក្រសួងពាណិជ្ជកម្មនឹងពាំនាំយកសំណូមពរនេះជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនិងឆ្លើយតបលើលទ្ធភាពនៃការធ្វើសុខដុមនីយកម្មលើរថយន្តដឹក ទំនិញរបស់ឈ្មួញថៃដែលមក ទិញពោត ក្រហមដោយធ្វើយ៉ាងណាឱ្យស្របទៅតាមស្តង់ដារកំណត់។
បន្ទាប់ពីបានពិភាក្សាគ្នារួចមក ក្រុមអ្នកផលិត តំណាងក្រុមហ៊ុនកែច្នៃ និងតំណាង សៃឡូទាំង៣ខេត្ត មានការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការពន្យល់ និងកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ហើយសង្ឃឹមថានឹងមានដំណោះស្រាយ និងការឆ្លើយតបពីក្រសួងពាណិជ្ជកម្ម និងពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ លើបញ្ហាប្រឈម និងសំណូមពរនានាដែលបានលើក សំដៅជួយដល់ការផលិត ការដឹកជញ្ជូន និងពង្រីកការ នាំចេញផលិតកសិកម្ម និងផលិតផលសក្តានុពលផ្សេងទៀត ដែលជាប្រភពចំណូលរបស់ប្រជាកសិករយើង។ ពួកគាត់ក៏បានផ្តល់ក្តីសង្ឃឹមផងដែរថា ក្រសួងនឹងខិតខំបើកច្រកទីផ្សារបន្តទៀត ដើម្បីកសិករអាចពង្រីក ផលិតកម្ម សម្រាប់ការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារ ក្រៅប្រទេស ដូចជា ប្រទេសថៃ និងចិនជាដើម។
សូមបញ្ជាក់ថា ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ផ្អែកតាមការស្រង់ស្ថិតិដោយក្រុមការងារ បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ ១៤៥.៩៨៣ ហិកតា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង៕