(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ កម្មវិធីផ្សាយផ្ទាល់ «កិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជាចិន» ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិន បានប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងភ្ញៀវកិត្តិយសផ្នែកវិស័យកសិកម្មកម្ពុជា បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើប្រធានបទមួយចំនួន រួមមាន ការពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជាចិន នៅក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» កំណើតផលិតផលកសិកម្មកម្ពុជា និងភូតគាមអនាម័យនាំចេញទៅប្រទេសចិន។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានផ្ដល់នូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។

ស្របពេលគ្នានោះ ឯកឧត្ដមក៏បានថ្លែងអំណរគុណកម្មវិធីលើកនេះ ដែលបានយកចិត្តទុកដាក់លើវឌ្ឍនភាពកសិកម្មកម្ពុជា និងរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជាចិន។ ឯកឧត្ដមយល់ឃើញថា តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួននៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនេះនឹងជំរុញដំណើរបង្កើតសហគមន៍វាសនារួមកម្ពុជាចិន មួយកម្រិតបន្ថែមទៀត។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក កាន់ គន្ធី នាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នាលើស្ថានភាព និងបញ្ហាកំពុងជួបប្រទះបច្ចុប្បន្ននៅក្នុងវិស័យកសិកម្មកម្ពុជា ជាមួយ អ្នកជំនាញចិនមានដូចជាលោក Lan Huiyan ប្រធានប្រតិបត្តិមជ្ឈមណ្ឌលជំរុញកសិកម្មចិនកម្ពុជា និងលោកស្រី Huang Ying បណ្ឌិតនៃបណ្ឌិសភាវិទ្យាសាស្ត្រភូតគាមអនាម័យចិន។ អ្នកជំនាញចិន បានផ្ដល់ចម្លើយបកស្រាយតាមបែបវិទ្យាសាស្ត្រ យ៉ាងក្បោះក្បាយ នៅលើផ្នែកជ្រើសរើសពូជស្រូវ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការវិភាគហានិភ័យសមាសភាពចង្រៃ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជាចិន បានយកចិត្តទុកដាក់ខ្ពស់លើការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន។ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ នៅក្រោមក្របខណ្ឌអនុសារណៈយោគយល់លើកទី៦ អង្ករកម្ពុជានាំចេញទៅប្រទេសចិនសម្រេចបាន៤៥ភាគរយ។ ជឿជាក់ថា នៅក្រោមការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ បរិមាណការផលិត កែច្នៃ និងនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសចិន នឹងបំបែកកំណត់ត្រាកាន់តែខ្ពស់ថែមទៀត។

លោក កាន់ គន្ធីនាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា បានមានប្រសាសន៍ថា សង្ឃឹមថាសហគ្រាសចិន អាចវិនិយោគដោយផ្ទាល់ ឬសហការវិនិយោគជាមួយសហគ្រាសកម្ពុជា លើផលិតផលកសិកម្មកែច្នៃ រួចនាំចេញផលិតផលសម្រេចទៅប្រទេសចិន។

ក្រៅពីនេះ កិច្ចសន្ទនានោះក៏បានគោរពអញ្ជើញឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងលោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកសារព័ត៌មាន Fresh News ដែលល្បីឈ្មោះជាងគេនៅកម្ពុជា ព្រមទាំងលោកស្រី អរុណ អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជាចិន ចូលរួមពិភាក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយព័ត៌មានកសិកម្មរបស់ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគតផងដែរ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)