(ប៉ៃលិន)៖ ជាដំណឹងដ៏សែនរីករាយសម្រាប់អ្នកប្រកបរបរដាំពោតក្រហម នៅពេលនេះក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ បានចុះកិច្ចព្រមព្រៀងទិញពោតពីម្ចាស់សៃឡូចំនួន១២ នៅខេត្តប៉ៃលិន ដែលមានសមត្ថភាពប្រមូលទិញបានរហូតដល់ទៅ ១១៥,០០០តោនក្នុងមួយឆ្នាំ។
ពិធីចុះកិច្ចព្រមព្រៀងទិញពោតក្រហមរវាងក្រុមហ៊ុនស៊ីភី និងម្ចាស់សៃឡូក្នុងខេត្តប៉ៃលិននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ថ្លែងមុនចាប់ផ្តើមពិធីចុះហត្ថលេខា លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានមន្ទីរពាណិជ្ជកម្មខេត្តជាសហការី បានខិតខំបំពេញការងារសម្របសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ពិសេសនៅក្នុងរដូវកាលប្រមូលផលរបស់កសិករនៅក្នុងតំបន់ តាមរយៈការសម្របសម្រួលការនាំចេញទៅកាន់ប្រទេសជិតខាង។ ជាពិសេសរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនស៊ី ភី និងសៃឡូប្រមូលទិញកសិផល ពិសេសពោតក្រហមនៅខេត្តប៉ៃលិន។
លោករដ្ឋមន្ត្រី បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាកិច្ចចាប់ផ្តើមនៅក្នុងការចូលរួមចំណែកពង្រើកសកម្មភាពទិញលក់ផលិតផលពោតក្រហម ការជំរុញការវិនិយោគបន្ថែមទៀតទៅលើការកែច្នៃកសិផលពោតនៅក្នុងស្រុក ក៏ដូចជាការបង្កើនតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃពោតក្រហម ស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃនៃថាមពល និងស្របពេលដែលដល់រដូវកាលប្រមូលផលពោតក្រហមរបស់កសិករនៅប្រទេសជិតខាងផងដែរ។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនវិសាលភាពនៃការផ្គត់ផ្គង់កសិផល និងការជំរុញវិស័យកែច្នៃកសិផល ពិសេសកសិផលឧស្សាហកម្ម ហើយការរួមចំណែករបស់វិស័យឯកជន ក៏ជាកត្តារួមចំណែកដ៏ធំក្នុងការជួយពង្រីក និងការជ្រៀតចូលទីផ្សារឱ្យបានកាន់តែទូលំទូលាយ តាមរយៈការអភិវឌ្ឍផលិតផលកសិផល ដែលអាចបញ្ជ្រាបផលិតផលកែច្នៃទាំងនោះចូលក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតផងដែរ។
លោករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គ្រប់ភាគីទាំងអស់នឹងសហការគ្នាឱ្យកាន់តែមានភាពជិតស្និត នៅក្នុងការជួយជំរុញដំណើរការសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន និងជួយផលិតកម្ម ដែលមានគោលដៅចុងក្រោយ គឺបង្កើនប្រាក់ចំណូលជូនកសិករដាំពោតក្រហមនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាកសិករទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្នម្ចាស់សៃឡូទាំង ១២ទីតាំង ក្នុងខេត្តប៉ៃលិន កំពុងដំណើរការបញ្ជាទិញពោតក្រហមក្នុងតម្លៃប្រមាណ ៦៣៦.៦៤រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម៣០ភាគរយ ហើយតម្លៃ ៦៤៧.៨១រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម ២៩ភាគរយ។
របាយការណ៍បានបង្ហាញផងដែរថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពចរាចរទិញ-លក់ពោតក្រហម នៅតាមតំបន់ព្រំដែនពុំមានបញ្ហាកកស្ទះនោះទេ ដោយសារខាងភាគីថៃ នៅបន្តទិញធម្មតា ចំណែកសៃឡូ ក៏នៅមានសកម្មភាពទិញ-លក់ធម្មតាទៅតាមផែនការប្រមូលទិញរបស់ខ្លួន។ បច្ចុប្បន្ន សៃឡូមានសមត្ថភាពអាចប្រមូលទិញ និងស្តុកពោតក្រហមពី ៤០,០០០តោន ទៅ ៥០,០០០តោនក្នុងមួយថ្ងៃ៕