(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណស្ថានីយកសិកម្មកូនក្រៀល ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
លោក ប៉ែន កុសល្យ បានថ្លែងឱ្យដឹងថា ពិធីបុណ្យ «រុក្ខទិវា ៩កក្កដា» គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី «សម័យសង្គមរាស្រ្ត និយម» ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា កសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនា ទិវាពលកម្មដាំដើម ឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
លោកបន្តថាបច្ចុប្បន្ន «រុក្ខទិវា» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ខេត្តឧត្តរមានជ័យឆ្នាំនេះ ខេត្តឧត្ដរមានជ័យត្រូវបានលើកពេលមកប្រារព្ធនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអង្គភាពបំរើសេវាសាធារណៈ ត្រូវតែរៀបចំកែលម្អអង្គភាពរបស់ខ្លួនឲ្យបានស្អាតដោយរៀបចំសួនច្បារ ដាំកូនឈើ និងមានអំពូលភ្លើងបំភ្លឺ ក្នុងបរិវេណមន្ទីរ-អង្គភាពរបស់ខ្លួន ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋមករកសេវា មានទំនុកចិត្ត។ ទន្ទឹមនឹងនោះដែរឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឲ្យលោកស្នងការនគរបាលខេត្ត គ្រប់រថយន្តធន់ធំទាំងអស់មិនត្រូវធ្វើចរាចរណ៍ នៅលើផ្លូវក្នុងក្រុងសំរោងឡើយ ដោយតម្រូវឲ្យប្រើប្រាស់ផ្លូវវាងក្រុងជំនួសវិញ។
បើតាមរបាយការណ៍របស់លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានថ្លែងថា ពិធីដាំកូនឈើថ្ងៃនេះមានចំនួនប្រមាណ៣០០០ ដើម នៅលើផ្ទៃដី០៣ ហិកតា និងប្រលែងត្រីចំនួន២០០០០ កូន ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ៕