(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានបង្ហាញខ្លួនលើកទី១ ក្នុងការតាំងពិព័រណ៍ស្រា និងស្រាបៀរអន្តរជាតិ Interwine ដ៏ធំជាងគេបង្អស់នៅប្រទេសចិន ពីថ្ងៃទី២០ ដល់ទី២២ ខែឧសភា ឆ្នាំ២០១៦ ដែលទទួលបានការគាំទ្រខ្ពស់ ពីការរំពឹងទុករបស់ខ្លួនទៅទៀត។
ការតាំងពិព័រណ៍នេះបានចូលរួមដោយក្រុមហ៊ុនសា្រ និងស្រាបៀរអន្តរជាតិល្បីៗចំនួន២,០០០ក្រុមហ៊ុន មកពី៧២ប្រទេស ដែលបាននាំចូលស្រា និងស្រាបៀរ ទៅកាន់ប្រទេសចិន ដែលការតាំងពិព័រណ៍អន្តរជាតិនេះ បានទាក់ទាញអ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់រង្គសាល និងសាធារណជនប្រមាណ ៥០,០០០នាក់។
ការតាំងពិព័រណ៍ស្រា និងស្រាបៀរអន្តរជាតិ Interwine ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ហើយពិព័រណ៍អន្តរជាតិInterwine ត្រូវបានរៀបចំឡើងតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅខែឧសភា និងខែវិច្ឆិកា។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលបានចូលរួមក្នុងការតាំងពិព័រណ៍នេះបានថ្លែងថា «ស្រាបៀរកម្ពុជាបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួមការតាំងពិព័រណ៍ ដែលសូម្បីតែអ្នករៀបចំពិព័រណ៍ក៏មានការភ្ញាក់ផ្អើលដែរ ដោយសារស្រាបៀរកម្ពុជាមកពីប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែមានរសជាតិថ្នាក់អន្តរជាតិ»។
លោកស្រី ចិន មែនឌី អ្នករៀបចំពិព័រណ៍បានឲ្យដឹងថា «ខ្ញុំមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលប្រទេសកម្ពុជា ជាប្រទេសតូចហើយនៅឆ្ងាយ មានស្រាបៀរមកតាំងក្នុងពិព័រណ័នេះ ហើយទទួលការគាំទ្រខ្លាំងពីអ្នកចូលរួមយ៉ាងនេះ។ កត្តាពិសេសមួយទៀតនោះគឺ ស្រាបៀរកម្ពុជាមានរសជាតិឆ្ងាញ់ ដែលធ្វើឲ្យអ្នកចូលរួមក្នុងពិព័រណ៍គាំទ្រគ្រប់គ្នា ហើយខ្ញុំសង្ឃឹមថា ស្រាបៀរកម្ពុជានឹងចូលរួមក្នុងពិព័រណ៍លើកក្រោយៗទៀត ហើយខ្ញុំជឿជាក់ថា ស្រាបៀរកម្ពុជានឹងទទួលការគាំទ្រខ្លាំងនៅប្រទេសចិន»។
ស្រាបៀរកម្ពុជាតែងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេសដែលស្រាបៀរនាំចេញទៅ ជាងនេះទៅទៀត ក្រៅពីប្រទេសចិន ស្រាបៀរកម្ពុជាក៏បាននាំចេញទៅប្រទេសម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង និងបារាំងផងដែរ ហើយក្រុមហ៊ុននឹងបន្តនាំចេញស្រាបៀរ ទៅកាន់ប្រទេសជាច្រើនទៀត នៅលើពិភពលោកដូចជាសហរដ្ឋអាមេរិក និងអូស្រ្តាលីជាដើម។
គួររម្លឹកថា ស្រាបៀរកម្ពុជាធ្លាប់ទទួលបានមេដាយអន្តរជាតិជាច្រើន ហើយរោងចក្រស្រាបៀរកម្ពុជា ក៏ទទួលបានវិញ្ញាបនបត្រ ISO ខាងផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថានផងដែរ៕