(កំពង់ធំ)៖ លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ បានអំពាវនាវឲ្យគ្រប់ឃុំធ្វើផែនការថវិកាដើម្បីគាំទ្រដល់សហគមន៍។ លោក អ៊ួង សារឿន បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំជុំទី២ ជាមួយសហគមន៍ក្នុងស្រុកសន្ទុកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកបារាយណ៍ដើម្បីរកបញ្ហាប្រឈមយកមកធ្វើការដោះស្រាយ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ក្នុងស្រុកបារាយណ៍ដែលរៀបចំអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)។

លោក ឈើ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ API ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យល្អប្រសើរជាងមុននូវការការពារ និងការលើកកម្ពស់វប្បធម៌ នៃការបើកចំហរព័ត៌មានសាធារណៈពង្រឹងការចូលរួមបែបប្រជាធិបតេយ្យតម្លាភាព និងគណនេយ្យភាពក្នុងគោលការណ៍ស្ដីពីវិមជ្ឈការ និងសហមជ្ឈការនៅកម្ពុជារបស់ក្រុមប្រឹក្សាស្រុក ក្រុង និងការតស៊ូមតិដើម្បីសមធម៌និងគោលនយោបាយសាធារណៈប្រកបដោយនិរន្តភាព។

ជាមួយគ្នានេះ ប្រធានសហគមន៍ស្រះជម្រកត្រី បានលើកឡើងពីបញ្ហាប្រឈមក្នុងសហគមន៍របស់ពួកគាត់ផងដែរ នៅពេលទឹករីងស្ងួតនៅរដូវប្រាំងពិបាកការពារត្រីដោយសារប្រជាជនមួយចំនួនបានយកសំណាញ់លួចបង់ត្រី និងខ្វះខាតថវិកាសម្រាប់ស្តារ កំប៉ោក ចក និងថវិកាឧបត្ថម្ភដល់គណៈកម្មការចុះដើរល្បាតដល់សហគមន៍ពួកគាត់។

លោក អ៊ួង សារឿន បានថ្លែងអំណរគុណអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការដៃគូរដែលបានជួយគាំទ្រដល់ដំណើរការរបស់សហគមន៍ក្នុងស្រុក ដើម្បីឲ្យមានការកែប្រែ និងអភិវឌ្ឍន៍និងជំរុញអាជ្ញាធមូលដ្ឋាន ត្រូវរៀបចំផែនការថវិកាដើម្បីជួយគាំទ្រកម្មវិធីដល់សហគមន៍ហើយអាជ្ញាធរទាំងអស់ត្រូវផ្សព្វផ្សាយអំពីថវិកាឲ្យបានទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ។

លោកបន្តថា រាល់ពេលចូលរួមប្រជុំជាមួយឃុំសូមឲ្យសហគមន៍លើកផែនការរបស់សហគមន៍បញ្ជូលជាមួយផែនការឃុំ ហើយសហគមន៍គួរតែបង្កើតកន្លែងទេសចរខ្លួនឯង ដើម្បីរកចំណូលចូលសហគមន៍ ដើម្បីទុកទ្រទ្រង់សហគមន៍ដោយខ្លួនឯងវាជាជាងសុំថវិកាពីខាងក្រៅនិងបន្តស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្របន្ថែម។

ទន្ទឹមនឹងនេះ លោកឲ្យឃុំ និងសហគមន៍បន្តការផ្សព្វផ្សាយអំពីតំបន់ការពារនឹងអភិរក្សឲ្យប្រជាពលរដ្ឋបានយល់នឹងឲ្យបានដឹងពីអត្ថប្រយោជន៍នៃតំបន់អភិរក្សទាំងនោះ។ យើងទាំងអស់ចូលរួមជាមួយគ្នា ទាំងសហគមន៍ ឃុំ អង្គការ និងរដ្ឋបាលស្រុករិះរកដំណោះស្រាយលើបញ្ហាប្រឈមពីធំទៅតូចនឹងពីតូចទៅជាគ្នាបញ្ហាហើយមានតែយើងទាំងអស់គ្នាទេដែលអាចធ្វើបាន៕