(ភ្នំពេញ)៖ ការធ្លាក់ចុះនៃផលិតភាព ក្នុងវិស័យកាត់ដេររបស់កម្ពុជា គួបផ្សំនឹងការចំណាយ ដែលចេះតែបន្តកើនឡើង ប្រហែលជាធ្វើឲ្យកម្ពុជា ចាញ់ប្រៀបក្នុងការប្រកួតប្រជែង ជាមួយនឹងបណ្ដាប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀត ដូចជាវៀតណាម បង់ក្លាដែស និងមីយ៉ាន់ម៉ាជាដើម នេះបើយោងតាមការលើកឡើង របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ។
នៅចន្លោះពីឆ្នាំ២០១១ ដល់ដំណាច់ឆ្នាំ ២០១៤ ផលិតភាពការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានធ្លាក់ចុះប្រមាណ ១៤ភាគរយ នេះបើផ្អែកតាមព្រឹត្តប័ត្រព័ត៌មានដែលចុះផ្សាយកាលពីខែមីនា ដោយអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO ដែលព្រឹត្តិប័ត្រព័ត៌មាននោះបានសរសេរថា «ផលិតភាពការងារហាក់ធ្លាក់ចុះដោយសារចំនួនការងារកើនលើសពីកំណើនផលិតភាព»។ ឧស្សាហកម្មកាត់ដេរ គឺជាវិស័យសំខាន់ដែលជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ហើយបច្ចុប្បន្នកំពុងផ្ដល់ការងារ ដល់ប្រជាជនប្រមាណ ៧០ ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី ។
GMAC បានលើកឡើងថា ការធ្លាក់ចុះនូវផលិតភាពនេះ ប្រហែលជាត្រូវបន្តរហូតដល់ឆ្នាំ២០១៦ តទៅទៀត ហើយស្នើសុំដល់កម្មករ សហជីព ក៏ដូចជារដ្ឋាភិបាល ផ្ដោតលើការបង្កើនផលិតភាពរបស់វិស័យនេះ ពីព្រោះការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ចេះតែកើនឡើង ។
អគ្គលេខាធិការរបស់ GMAC លោក ខេន លូ បានឲ្យដឹងថា «ទាំងអស់គ្នាត្រូវជួយចូលរួមចំណែកធ្វើយ៉ាងណាថែរក្សាឧស្សាហកម្ម របស់យើងឲ្យមានសមត្ថភាព ឈរជើងក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន លើទីផ្សារពិភពលោក ។ ក្នុងនាមជានិយោជក យើងបានប្រឹងប្រែងរួមចំណែកដោយបានវិនិយោគលើការកសាងសមត្ថភាពជំនាញដល់កម្មករ-កម្មការិនី» ។
ទន្ទឹមនឹងនេះ GMAC ថែមទាំងបានពិភាក្សាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការធ្វើយុទ្ធនាការជំរុញផលិតភាព ការងារ ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ ។ ផ្នែកសំខាន់នៃយុទ្ធនាការនោះ គឺ១-កម្មវិធីដែលផ្ដោតលើការលើកកម្ពស់ ការយល់ដឹង អំពីផលិតភាពការងារនៅថ្នាក់ជាតិ នៅកម្រិតឧស្សាហកម្ម និងនៅតាមបណ្ដារោងចក្រ និងទី២-គឺការផ្ដល់ប្រឹក្សាយោបល់ ជាក់ស្ដែងដើម្បីប្រែចំណេះដឹងឲ្យទៅជាសកម្មភាពជាក់លាក់ដើម្បី លើកកម្ពស់ផលិតភាពការងារ។ យុទ្ធនាការនេះតម្រូវឲ្យមាន ការប្តេជ្ញាចិត្តខ្ពស់ពី GMAC រដ្ឋាភិបាល ថ្នាក់គ្រប់គ្រងរោងចក្រ អ្នកបញ្ជាទិញ សហជីព ILO ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ។
លោកបានថ្លែងថា «កូដកម្មខុសនីតិវិធីទំនាក់ទំនងវិជ្ជាជីវៈ ការងារមិនសូវល្អនិងបញ្ហាផ្សេងទៀតបានកំពុងតែបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែង របស់យើងក្នុងការលើកកម្ពស់ផលិតភាពការងារក្នុងវិស័យនេះ។ ដូច្នេះ យើងសំណូមពរឲ្យគ្រប់ភាគី មានការពិចារណាឲ្យបានច្រើន និងផ្ដល់អាទិភាពលើការងារនានា ដែលអាចលើកកម្ពស់ឧស្សាហកម្មរបស់យើងឲ្យកាន់តែប្រសើរថែមទៀត» ។
លោក ខេន លូ បានថ្លែងបន្តទៀតថា ស្របពេលជាមួយគ្នានេះដែរ ឧស្សាហកម្មកាត់ដេរក៏ត្រូវប្រឈមនឹងការចំណាយ ដែលចេះតែបន្ត កើនឡើង ដូចជា ការចំណាយលើអគ្គិសនី និងការដឹកជញ្ជូន ជាដើម ដែលជាកត្តាជំរុញឲ្យរោងចក្រនានា ងាកទៅធ្វើអាជីវកម្មនៅប្រទេស ផ្សេងទៀត ហើយ GMAC ស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាល ដែលបានសម្រួលដល់ដំណើរការនាំចេញផលិតផលសម្លៀកបំពាក់ ។ ទោះជាយ៉ាងណា យើងត្រូវការឲ្យមានការកាត់បន្ថយបន្ថែមទៀត ចំពោះតម្លៃឯកសារ ជាពិសេសគឺតម្លៃក្រៅផ្លូវការ៕