(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ និងបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអង្គការស៊ីប៉ា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានដាក់ឲ្យដំណើរការជាផ្លូវការ នូវគម្រោង «ការអប់រំក្នុងពន្ធនាគារ» សម្រាប់ការអប់រំរបស់ជនជាប់ឃុំ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានបិទបញ្ចប់គម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» ជាស្ថាពរ។
ពិធីនេះ ការចូលរួមពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ស ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក Jaques Pellet ឯកអគ្គរដ្ឋទូតប្រទេសបារាំង លោក ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដានីតិសម្បទាស្ដីពី កិច្ចសហការ និងលទ្ធផលសម្រេចបានរវាងនាយកដ្ឋាន និងអង្គការស៊ីប៉ា រួមទាំងអ្នកចូលរួមជាច្រើនរូបទៀត។
លោក Jaques Pellet បានឲ្យដឹងថា តាមរយៈទីភ្នាក់ងារបារាំង ដើម្បីអភិវឌ្ឍ (AFD) បានគាំទ្រអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងក្របខ័ណ្ឌនៃកម្មវិធី «បណ្ណាល័យក្នុងពន្ធនាគារ» ចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០២២ ដោយចំណាយថវិកាសរុបរបស់គម្រោងប្រមាណ១,៦០០,០០០ដុល្លារ ក្នុងនោះ រដ្ឋាភិបាលបារាំង បានជួយតាមរយៈទីភ្នាក់ងារបារាំង ដើម្បីអភិវឌ្ឍន៍ចំនួន៨១០,០០០ដុល្លារ។
លោកបានបន្ដថា សម្រាប់គម្រោង៣ដំណាក់កាលរយៈពេល១០ឆ្នាំនេះ បានធ្វើឲ្យពន្ធនាគារនីមួយៗនៅកម្ពុជា មានបណ្ណាល័យបម្រើដល់ការអាន ការស្រាវជ្រាវ ការរៀនសូត្រ និងការកំសាន្តបន្ធូរអារម្មណ៍ របស់ជនជាប់ឃុំ។ គម្រោងនេះឆ្លើយតបនឹងតម្រូវការ និងយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ។
ឯកអគ្គរដ្ឋទូតប្រទេសបារាំង បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ រដ្ឋាភិបាលបារាំង អរគុណមូលនិធិ Pierre Bellon របស់បារាំង ដែលបានចូលរួម ក្នុងគម្រោងបណ្ណាល័យកន្លងមក និងបន្តជួយគម្រោង «អប់រំក្នុងពន្ធនាគារ» រយៈពេល៣ឆ្នាំទៅមុខទៀតនេះ»។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងវាយតម្លៃខ្ពស់ចំពោះអង្គការស៊ីប៉ា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រ ដល់អគ្គនាយកដ្ឋានពន្ធនាគារ ជាបន្តបន្ទាប់រយៈពេលកន្លងមក។
លោកថា កិច្ចសហការឧបត្ថម្ភគាំទ្រពីអង្គការស៊ីប៉ា ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យការអនុវត្តកម្មវិធីកំណែទម្រង់ពន្ធនាគារ ទទួលបានជោគជ័យ និងជួយលើកស្ទួយ ដល់កម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងត្រៀមធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ ប្រកបដោយជំនាញវិជ្ជាជីវៈ និងជួយទប់ស្កាត់ ការប្រព្រឹត្តបទល្មើសសារជាថ្មី។
លោកបន្ដទៀតថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធនាគារ បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការដៃគូរជាច្រើន ក្នុងចំណោមអង្គការទាំងអស់ ដែលបានចុះអនុស្សរណៈយោគយល់ កន្លងមក ក៏មានអង្គការស៊ីប៉ាផងដែរ ហើយអង្គការនេះ បានធ្វើសកម្មភាពយ៉ាងមមាញឹកនាពេលកន្លងមក ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្នអង្គការស៊ីប៉ា បានសាងសង់បណ្ណាល័យ សរុបចំនួន២៣ មានបណ្ណាល័យខ្នាតធំ មធ្យម និងតូច។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ បានបញ្ជាក់ថា ការអានសៀវភៅនេះ មានសារៈសំខាន់យ៉ាងច្រើនដូចជា៖
១៖ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយរយៈពេលខ្លី។
២៖ កាត់បន្ថយការឡូឡា ឈ្លោះប្រកែកគ្នារវាងជនជាប់ឃុំនៅក្នុងបន្ទប់ជាមួយគ្នា។
៣៖ កាត់បន្ថយអារម្មណ៍ស្មុគស្មាញ ការនឹកគិតអំពីក្រុមគ្រួសារ។
៤៖ កាត់បន្ថយការគិតរកល្បិចរត់គេចខ្លួនចេញពីពន្ធនាគារ។
៥៖ ទទួលបានចំណេះដឹង តាមរយៈការអានសៀវភៅបានច្រើន។
៦៖ ទទួលបានបរិយាកាស និងលំហែកាយខាងក្រៅបន្ទប់ឃុំឃាំងបានមួយរយៈខ្លី។
៧៖ ធ្វើឲ្យអ្នកមានប្រាជ្ញាវៀងវៃ និងយល់ដឹងពីអ្វីៗដែលថ្មីៗ។
៨៖ អាចយកចំណេះដឹងពីការអានសៀវភៅ ដើម្បីប្រើប្រាស់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅ។
លោកក៏បានស្នើប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារត្រូវយកចិត្តទុកដាក់លើកម្មវិធីបណ្ណាល័យ ក្នុងពន្ធនាគារនេះ ត្រូវរៀបចំកាលវិភាគឱ្យបានច្បាស់លាស់ សម្រាប់ជនជាប់ឃុំចូលអាន និងត្រូវចេះថែទាំសម្ភារសិក្សា សៀវភៅអានទាំងអស់ឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ហើយកិច្ចការទាំងនេះមិនត្រឹមតែជួយ ដល់ជនជាប់ឃុំ ឬអង្គភាពនោះទេ វាក៏ជាការលើកទឹកចិត្តដល់ម្ចាស់គម្រោងដែលខិតខំជួយដល់អង្គភាព៕