(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុង ទប់ដីព័ទ្ធជុំវិញអាងស្តុកទឹក និងស្ដារភក់ចេញពីអាងស្តុកទឹកប្រឡាយបឹងត្របែក ក៏ដូចជាការកែលម្អ ដាក់ម៉ូទ័របូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺគ្រោងធ្វើតាំងពី ២ឆ្នាំមុនមកម្ល៉េះ ដោយបានបញ្ជាទិញម៉ូទ័របូមពីប្រទេសអាល្លឺម៉ង់។ ប៉ុន្តែគម្រោងនេះ ត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបេតុងទប់ដី ចាក់ដីព័ទ្ធជុំវិញអាងស្តុក និងការស្តារភក់ ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកបានបញ្ជាក់ថា «មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់ តែគោបាត់ទើបធ្វើរបងនោះទេ»។

កាលពីសប្តាហ៍មុន លោកអភិបាលរួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយ៍បូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយ៍បឹងត្របែក ស្ថានីយ៍បឹងទំពន់ ប្រឡាយស្ទឹងមានជ័យ ជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនៅព្រឹកនេះដែរ លោក ឃួង ស្រេង បានលើកឡើងថា ការស្តារប្រឡាយនៅប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ ធ្វើយ៉ាងណា រំដោះទឹកជំនន់ទឹកភ្លៀង ចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានជាអតិបរមា។ ដោយឡែក ការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួមទាំងការស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងត្របែក ក៏កំពុងដំណើរការ បានមួយផ្នែករួចហើយអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬក្នុងអាងស្តុកទឹក។

បញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ លើកស្លាកបង្ហាញពីគម្រោង ស្តារអាងស្តុកទឹកនេះ ដោយដាក់ឲ្យបានច្រើនកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីច្បាប់ ចំណែកអាជ្ញាធរដែនដីពាក់ពន្ធ័ត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យបង្កើតក្រុមការងារចំនួន២ គឺ៖

*ទី១៖ ក្រុមការងារបច្ចេកទេស
*ទី២៖ ក្រុមការងារដោះស្រាយផលប៉ះពាល់ ឲ្យបានរួចរាល់មុននឹងចុះអនុវត្តគំរោងឲ្យបានឆាប់បំផុត៕