(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមដំណើរជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកសនោះ លោក អ៊ុន ចាន់ដា និងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត បានដាក់កម្រងផ្កា និងអុចធូប សំដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំបំបផុត ចំពោះការបាត់បង់លោក អ៊ុក រ៉ុង គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់លោកឪពុក ជីតា ជាទីស្រឡាញ់បំផុត នៃគ្រួសារសព។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធសព លោក អ៊ុក រ៉ុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីក្រោមឱវាទ ក៏បានអញ្ជើញចូលរួមជាបច្ច័យបុណ្យសព ទៅតាមកម្លាំងសទ្ធាជ្រះថ្លាផងដែរ៕