(រតនគិរី)៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចុះប្រមូលទិនន្ន័យ និងវិនិច្ឆ័យក្បាលដីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដឹកនាំដោយលោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យភូមិបាលក្រុងបានលុង បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសិល្ប៍ សង្កាត់យក្សឡោម ក្រុងបានលុង បានចំនួន៥០ក្បាលដី។
លោក ប៊ី ជីវន្តដារ៉ា បានឱ្យដឹងថា ទោះបីរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃរូបលោក និងមន្ត្រីក្រោមឱវាទចុះមកដល់តាមខ្នងផ្ទះពួកគាត់ឱ្យចូលរួមសហការវាស់វែងក្បាលដី ជាលក្ខណៈប្រព័ន្ធដោយមិនខ្លាចការនឿយហត់ ភ្លៀង ខ្យល់ហើយមិនគិតកម្រៃនោះទេ។
លោកបន្តថា ក្រោយពីប្រជាពលរដ្ឋទទួលបានឯកសារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចហើយនោះ វាមានសារៈសំខាន់ណាស់សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។ ដូច្នេះ គួរតែពួកគាត់ចូលរួមទាំងអស់គ្នាដោយមន្ត្រីលោករងចាំបម្រើគ្រប់ពេលវេលាដោយមិនឱ្យបងប្អូនឡើងមកការិយាល័យអស់សោហ៊ុយនោះទេ។
ជាងនេះទៅទៀតក្រុមការងារវាស់វែងក្បាលដី ចុះបញ្ជីជាលក្ខណៈប្រព័ន្ធសូមឱ្យប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើដែលធ្វើដំណើរទៅទីឆ្ងាយសូមត្រឡប់មកផ្ទះវិញ ដើម្បីចូលរួមជាមួយក្រុមការងារ ដោយភ្ជាប់មកជាមួយដូចជាអត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, លិខិតកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម៕