(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះប្រមាណ១០១គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ចំនួន៣ភូមិ គឺភូមិធាយ, ភូមិស្រែព្រៃ និងភូមិខ្នាច ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

នាឱកាសសំណេះសំណាលនោះ លោកបណ្ឌិត ម៉ៅ ធនិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឲ្យប្រជាពលរដ្ខណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ពាល់ដោយសារជំនន់ទឹកភ្លៀងទាំងអស់ ត្រូវបន្តបង្កបង្កើនផលស្រូវឡើងវិញ ក្រោយពេលទឹកស្រកចុះវិញ។

អំណោយដែលបានប្រគល់ជូនពលរដ្ឋនៅពេលនេះ រួមមាន៖ អង្ករ៣០គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ, ត្រីខ១យួរ និងចែកជូន សារ៉ុងដល់បងប្អូនដែលអញ្ជើញចូលរួមម្នាក់១ផងដែរ និងប្រគេនទេយ្យវត្ថុ បច្ច័យដល់ព្រះសង្ឃ គង់នៅវត្តព្រៃស្វាយផងដែរ។

បន្ទាប់ប្រគល់អំណោយរួចមក លោកបណ្ឌិតអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធ បន្តចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពជាក់ស្តែង អំពីផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ដែលធ្វើឲ្យខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋយើង។

បន្ទាប់មក បន្តចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកំពុងច្រូតកាត់ស្រូវ និងបានផ្តល់ជូនអង្ករ១កញ្ចប់ ត្រីខ១យួរ ថវិកា ៥០,០០០រៀល និងបន្តចុះសួរសុខទុកលោកយាយ អ៊ុក នាវ អាយុ៩៧ឆ្នាំ រស់នៅភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស លោកអភិបាលខេត្ត ក៏បានផ្តល់ជូនលោកយាយ នូវអង្ករ៥០គីឡូក្រាម, ត្រីខ១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ និងថវិកា ៤០០,០០០រៀល៕