(កំពង់ឆ្នាំង)៖ ទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ត្រូវបានជំនន់ទឹកភ្លៀងជន់បាក់អស់ប្រវែង៥០ម៉ែត្រ កាលពីយប់ម៉ោង ២៖០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលករណីបាក់ទំនប់នះបានកាត់ផ្ដាច់ផ្លូវធ្វើដំណើរទៅលេងតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលផងដែរ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានឲ្យដឹងថា ដោយសារកាលពីថ្ងៃទី១៩ ម្សិលមិញនេះភ្លៀងបានធ្លាក់ពេញមួយថ្ងៃមួយយប់ បង្កឲ្យទំនប់ចាក់ទឹម ត្រូវជន់បាក់អស់ប្រវែង ប្រមាណ៥០ម៉ែត្រនៅ វេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដានេះ។ ករណីបាក់ទំនប់នេះបានធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយខ្នងផ្ទះនៅខាងក្រោមទំនប់ផងដែរ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
ទាក់ទងនឹងករណីនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានបញ្ជាក់ថា ទំនប់ចាក់ទឹមពិតជាត្រូវជំនន់ទឹកភ្លៀងជន់បាក់ប្រវែង៥០ម៉ែត្រ ពិតមែនកាលយប់មិញនេះដោយសារតែធ្លាក់ភ្លៀងពេញមួយថ្ងៃមួយយប់។
ជាមួយគ្នានេះ ខាងមន្ទីរធនធានទឹកកន្លងមក កំពុងកសាងទំនប់ទ្វារទឹកដែរ ដូច្នេះពីទំនប់នេះនឹងបន្តទប់ឲ្យបានរឹងមាំជាងមុន ព្រោះទំនប់នេះជំនាន់ប៉ុលពតពុំបានធ្វើគ្រឹះរឹងមាំតាមលក្ខណៈបច្ចេកទេសនោះទេ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ចំពោះការធ្វើដំណើរទៅលេងតំបន់ទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម និងភូមិចំការម៉ុច ត្រូវផ្អាកមួយរយៈដើម្បីឱ្យមន្ត្រីជំនាញ ជួសជុលផ្លូវទំនប់ដែលដាច់ខាងលើនេះសិន ពេលធ្វើរួចរាល់ទើបយើងអាចទៅលេងតំបន់ទឹកធ្លាក់ថ្មក្រាលបានបន្តទៀត៕