(អង់គ្លេស)៖ ងាកទៅមើលសារព័ត៌មានអង់គ្លេស Dailymail ដែលបានចេញផ្សាយកាលពីអំឡុងខែមីនា កន្លងទៅនេះ បានបង្ហាញពីសកម្មភាពប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ធ្វើដំណើរមក ចាប់ដៃប្រជាជនអេហ្សង់រាប់សិបនាក់ ដែលបានឈររង់ចាំដំណើររបស់លោកមកដល់ ប៉ុន្តែគ្រាន់តែ ចាប់ដៃមនុស្សបានពីរទៅបីនាក់លោក អូបាម៉ា បានច្បូតចិញ្ចៀនពីដៃស្តាំរបស់លោក រួចញាត់ចូលក្នុង ហោប៉ៅ ដែលទង្វើបែបនេះ ត្រូវបានក្រុមអ្នកតាមដានអះអាងថា ជាចេតនាចង់បង្ហាញអត្ថន័យអ្វីមួយ។
ជាក់ស្តែងកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ក្នុងដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ជាផ្លូវការមកកាន់ប្រទេសវៀតណាមនោះ លោកនិងពិធីករល្បីឈ្មោះមួយរូបរបស់ទូរទស្សន៍ CNN បានទៅទទួលទានអាហារនៅហាងតូចមួយក្នុងទីក្រុង ហាណូយ ដែលលោកបានជ្រើសរើសជាន់ទីមួយ សម្រាប់ទទួលទាន មិនមែនជាន់ផ្ទាល់ដីនោះទេ។
បន្ទាប់ពីបញ្ចប់ការទទួលទានអាហារ ដែលសារព័ត៌មានបរទេសចេញផ្សាយថា បានចំណាយត្រឹមតែ ៦ដុល្លារអាមេរិក សម្រាប់មនុស្សពីរនាក់នោះ លោកបានចុះពីហាងតូចនោះមកក្រោម ដែលពេលនោះក្រុម អ្នកស្វាគមន៍ជាជនជាតិវៀតណាមរាប់សិបនាក់ បានឈរចាំរួចជាស្រេចដើម្បីបង្ហាញការគាំទ្រលោក ហើយដែលទង្វើដូចកាលនៅប្រទេសអាហ្សង់ទីនក៏បានកើតឡើងផងដែរ គឺបន្ទាប់ពីចាប់ដៃអ្នកគាំទ្រ បានប៉ុន្មាននាក់ប៉ុណ្ណោះលោក អូបាម៉ា ក៏ច្បូតចិញ្ចៀនខ្លួនឯង រួចញុកចូលក្នុងហោប៉ៅបាត់។
ទង្វើបែបនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមរិះគន់ តាមរយៈវីដេអូដែលបានផ្សព្វផ្សាយពីរថ្ងៃ មកហើយ ដោយភាគច្រើននិយាយថា វាជាការម៉ាក់ងាយជនជាតិវៀតណាម ថាមានសណ្តានជាចោរ ឬក៏ជាទង្វើអសីលធម៌ក្នុងនាមជាមេដឹកនាំកំពូលរបស់ពិភពលោក។ មនុស្សមួយចំនួនបានលើកឡើងថា «ហេតុអ្វីក៏លោក អូបាម៉ា មិនដោះចិញ្ចៀនទុកឲ្យហើយទៅ មុននឹងមកចាប់ដៃអ្នកគាំទ្រ?»។ សំនួរ និងការរិះគន់ជាច្រើនបាន លេចឡើងមិនខុសពីនៅអាហ្សង់ទីន នោះទេ។
យ៉ាងណាក៏ដោយ បើយើងងាកមកមើលវីដេអូនៃសកម្មភាពលោក អូបាម៉ា កាលពីនៅប្រទេស អាហ្សង់ទីនវិញ ពេលលោកដើរទៅចាប់ជនជាតិអាហ្សង់ទីនបានបន្តិច អង្គរក្សរបស់លោកបានដើរទៅជិត ដែលទំនងជាបានខ្សឹបប្រាប់ប្រធានាធិបតីរូបនេះថា ឲ្យប្រយ័ត្នចំពោះចិញ្ចៀនអាពាហ៍ពិពាហ៍ របស់លោក។ ទោះជាបែបនេះក្តី គ្មាននរណាម្នាក់អាចបញ្ជាក់បាននៅឡើយទេថា ចិញ្ចៀន ឬមួយក៏ ការដោះចិញ្ចៀនបែបនោះ អាចមានអត្ថន័យផ្សេងក្រៅពីការខ្លាចបាត់បង់ឬ យ៉ាងណានោះ៕