(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានដាស់តឿនឲ្យប្រជាពលរដ្ឋទាំងអស់ប្រឹងប្រែងធ្វើអនាម័យ សំអាតក្នុងបរិវេណលំនៅដ្ឋានរបស់ខ្លួន ពិសេសលុបបំបាត់ឲ្យអស់ នូវសំភារៈនានា ដែលជាប្រភពនៃជម្រកមូសខ្លា ខណៈមានកុមារ២នាក់បានស្លាប់ ដោយជំងឺគ្រុនឈាម។
ការដាស់តឿនយ៉ាងដូច្នោះ ស្របពេលដែលលោក វ៉ី សំណាង បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី ការបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាមនៅភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏មានប្រសិទ្ធិភាពនៃជំងឺគ្រុនឈាម វាអាចធ្វើអាចសម្លាប់កុមារ តូចៗក្នុងរយៈពេលដ៏ខ្លីប្រសិនជាមាតាបិតារបស់កុមារមានការធ្វេសប្រហែសឬមិនបានយកចិត្តទុកដាក់នាំទៅឲ្យ ក្រុមគ្រូពេទ្យព្យាបាលទាន់ពេលវេលា ហើយបច្ចុប្បន្នជំងឺនេះ ក៏បានចម្លងទៅកាន់មនុស្សចាស់ផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សុខាភិបាលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញជាគោលដៅអភិវឌ្ឍន៍ជាតិ ក្នុងការកាត់បន្ថយមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ ការលើកកម្ពស់សុខភាពមាតានិងការប្រយុទ្ធនឹងជំងឺអេដស៍ របង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដ៏ទៀត បញ្ហាសុខភាពសាធារណៈ និងគ្រោះមហន្តរាយ។
ស្ថានភាពជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ រយៈពេល៦ខែ ឆ្នាំ២០២២ គិតត្រឹមសប្ដាហ៍ទី២៦មានចំនួនសរុប៥៧៩ករណី ក្នុងនោះស្រីមានចំនួន២៨៨ ករណី ត្រូវនិងអត្រាអាំងស៊ីដង់៦១.៨ ក្នុងចំណោមមនុស្ស១០០ពាន់នាក់ និងករណីស្លាប់ចំនួន២ករណី ត្រូវនិងអាត្រា០,៣% ។ គិតក្នុងរយៈពេលដូចគ្នា ជំងឺគ្រុនឈាមបានកើនឡើងលើសពី១០០% បើប្រៀបធៀបឆ្នាំ២០២១ ដែលមានចំនួន៦៦ករណី។
លើសពីនេះ លោកបានលើកឡើងថា សម្រាប់កុមារដែលបានស្លាប់ដោយជំងឺគ្រុនឈាមចំនួន២នាក់៖
*ទី១៖ គឺកុមារី អាយុ៩ឆ្នាំ រស់នៅភូមិទួលបារាយ ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្លាប់ ២៤/០៦/២០២២)
*ទី២៖ កុមារា អាយុ១៨ខែ រស់នៅភូមិ ព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន (ស្លាប់ ០១/០៧/២០២២)។ កុមារទាំង២ បានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ។
លោកអភិបាលខេត្ត បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបង់នូវកូនជាទីស្រឡាញ់ដោយសារជំងឺគ្រុនឈាមដ៏កាចសាហាវ មួយនេះ។ ទន្ទឹមជាមួយការចូលរួមរំលែកទុក្ខនោះ លោកក៏បានអំពាវនាវឱ្យបងប្អូនដែលមានកូនតូចៗត្រូវស្លៀកពាក់ ខោអាវ ដែលវែងដើម្បីបិទរាង្គកាយឱ្យជិតដល់ពួកគេ សំអាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតមិនត្រូវទុកស្មៅឱ្យដុះ នៅឧបទ្រព ឬបោះចោលនូវសំបកដូងសំបក កង់ឡានម៉ូតូ ដែលជាជម្រកពងកូនរបស់មូសខ្លានៅជុំវិញផ្ទះនោះ ទេព្រោះសត្វនេះ ចូលចិត្តរស់នៅកន្លែងដែលមានទឹកដក់ពិសេសគឺទឹកដក់ហើយថ្លាមួយវិញទៀតចំពោះពាងទឹកគឺ ត្រូវតែដាក់ថ្នាំអាបែត ជាប្រចាំព្រោះពាងទឹក ក៏ជាប្រភពជ្រកកោននិងពងកូននៃមូសខ្លាផងដែរ។ ការលុបបំបាត់របស់ទាំងអស់ខាងលើ និងមានបរិស្ថានស្អាតគឺ មានន័យថាយើងមានសុវត្ថិភាពនិងគេចផុតពី ជំងឺគ្រុនឈាមដ៏កាចសាហាវនោះហើយ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថាមានស្រុក-ក្រុង ចំនួនបីក្នុងខេត្តកំពង់ស្ពឺគឺ ស្រុកសំរោងទង ស្រុកឧដុង្គនិងក្រុងច្បារមនមានអត្រាចំលងជំងឺគ្រុនឈាមខ្ពស់ជាងស្រុកដទៃ ដែលមានលក្ខណៈ រាយប៉ាយ។ ជំងឺនេះដែរបានកើតលើកុមារគ្រប់ក្រុមអាយុប៉ុន្តែ៨៣% បានកើតលើកុមារអាយុ ចាប់ពី៥ឆ្នាំដល់១៤ឆ្នាំដែលភាគច្រើនជាកុមារដែលកំពុងរៀននៅក្នុងសាលាបឋមសិក្សា។ ទន្ទឹមនិងការប្រឈមជាមួយ ជំងឺគ្រុនឈាមនេះដែរ មន្ទីរសុខាភិបាល បាននិងកំពុងដាក់ថ្នាំអាបែតសម្លាប់ដង្កូវមូសខ្លា តាមតំបន់ដែលមានការរងគ្រោះ និងរាត ត្បាតខ្លាំង ដើម្បីកាត់បន្ថយអត្រាឈឺ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ៕