(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើបទបង្ហាញស្ដីពីការរៀបចំពិធីការ ជូនគណៈប្រតិភូនាំមុខនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីជម្រាបជូនព័ត៌មានមួយចំនួន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកចូលរួមកម្មវិធីប្រជុំដែលប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
បន្ទាប់ពីលោក លុយ ដាវីត ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ធ្វើជាអធិបតីថ្លែងបើកកម្មវិធីរួច, តំណាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនអង្គទូត និងគណៈប្រតិភូទាំងឡាយពីរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
តំណាងក្រសួងសុខាភិបាលធ្វើបទបង្ហាញស្ដីពីវិធានការការពារកូវីដ-១៩ ដើម្បីសុវត្ថិភាពអ្នកចូលរួមប្រជុំ។ ចំណែកឯតំណាង អគ្គស្នងការនគរបាលជាតិ បង្ហាញពីការការពារសន្តិសុខ សុវត្ថិភាពទូទៅ ជាពិសេសការការពារសុវត្ថិភាពជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន និង រដ្ឋមន្ត្រីនៃប្រទេសដែលចូលរួមកិច្ចប្រជុំ។
បទបង្ហាញក៏មានសំណួរចម្លើយយ៉ាងផុសផុលពីអង្គទូត និង តំណាងអង្គទូត។ បន្ទាប់មក នៅរសៀលថ្ងៃដដែល លោក លុយ ដាវីត បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅសណ្ឋាគារសុខាភ្នំពេញ ដែលជាកន្លែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
សូមបញ្ជាក់ថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់ មាន ៣៨ប្រទេស បូករួមទាំងកម្ពុជាផង ត្រូវជា ៣៩ប្រទេស ហើយក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន ១គណៈប្រតិភូផងដែរ៕