(កំពង់ធំ)៖ សពក្មេងស្រីត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសែន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចរបាំងទឹកមួយកន្លែង មុខមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្តកំពង់ធំ ក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញក្មេងស្រី២នាក់ ជាសិស្សសាលាបឋមសិក្សា កំពង់ធំក្រុង បាននាំគ្នាចុះលាងដៃនៅមាត់ទឹកស្ទឹងសែន ហើយក៏រអឹលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹង សែន ដោយសារនៅចំណុចនោះមានទឹកហូរខ្លាំងបណ្ដាលឲ្យក្មេងទាំងស្រីទាំង២នាក់នោះបានលង់ទឹកស្ទឹងសែន តែសំណាងល្អត្រូវបានជួយសង្គ្រោះបានម្នាក់ ហើយម្នាក់ទៀតត្រូវបានលិចបាត់ទៅក្នុងទឹក។
លោក គឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់នោះ រួមមាន៖
ទី១៖ ឈ្មោះ រ៉ុម វណ្ណដារី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដែលមាន ម្តាយ ឈ្មោះ ហ៊ាន វេងដែន និងឪពុកឈ្មោះ រ៉ុម សុធា រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ពេលវេលា។ ចំណែកសពក្មេងស្រីរងគ្រោះ ទី២៖ ឈ្មោះ ធឿន សុខរក្សា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលមានឪពុកឈ្មោះ ហុង ថុល និងម្ដាយឈ្មោះ ខេង គឹមលាន (គ្រូបង្រៀន) ដែលបានបាត់ខ្លួនលិច ក្នុងទឹកបាត់ ហើយទើបតែរកឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កាលពីបាត់ខ្លួនភ្លាមនៅពេលលោកទទួលបានព័ត៍មាននេះ លោកបានដឹកនាំកងកម្លាំងរបស់លោកជាច្រើននាក់ នាំគា្នជិះកាណូតស្វែងរកដែរតែរកមិនឃើញទើបតែពេលព្រឹកនេះសាកសពបានអណ្តែតមកជាប់និងគុម្ពឈើ។
ជាមួយគ្នានេះលោកអធិការក្រុងស្ទឹងសែន ក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅតាមដង ស្ទឹងសែន សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពកូនៗ របស់អស់លោកពីព្រោះទឹកស្ទឹងសែន កំពុងតែហក់ឡើងខ្លាំងនៅពេលនេះ។ បន្ទាប់ពីបានស្រង់សពរួចមកក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយក ទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។
គួររំលឹកថាហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចជិតម្តុំពោងទឹក ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕