(បន្ទាយមានជ័យ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសការចូលកាន់មុខតំណែងរបស់លោក នួន ស៊ីណា ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ជំនួសលោក រស់ សារុំ ដែលបានចូលនិវត្តន៍ និងតែងតាំងលោក ខេង តារា ជាអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះ លោក អ៉ិត សំហេង បានស្នើលោកប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ។

ទី១. ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។
ទី២. ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
ទី៣. ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ទី៤. ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល។
ទី៥. ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ទី៦. ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីយុទ្ធនាកា៩០ថ្ងៃ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរយៈពេល២ឆ្នាំ កាលពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩កន្លងទៅ ដែលមានចំនួន៧៧លើក និងមានកម្មករនិយោជិតចំនួន១លាននាក់បានចូលរួម។ ដូចនេះការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរបស់កម្មករនិយោជិត និងនិយោជកនៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានសន្យាខាងនយោបាយ ដែលបានមានចែងក្នុងកម្មវិធីនយោបាយ និងកំណត់នូវក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយក្រសួងបានយកមកដាក់ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលក្នុងអាទិភាពទាំងប្រាំ គឺការអភិវឌ្ឍន៍របបសន្តិសុខសង្គម ក៏ជាអាទិភាពដែលក្រសួងខិតខំចូលរួមសម្រេចឱ្យបានជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្ដល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀតសម្រាប់លោកប្រធាន និងលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលទើបនឹងឡើងកាន់មុខតំណែងថ្មី ដើម្បីឲ្យការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ត្រូវគោរពច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាននានាឲ្យបានខ្ជាប់ខ្ជួន អនុវត្តឲ្យបានសកម្មនូវគោលនយោបាយ កម្មវិធីជាតិផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បង្កើនទំនាក់ទំនងឲ្យបានជិតស្និទ្ធ និងល្អប្រសើរជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្អាតស្អំ ជាអ្នកបម្រើសេវា សាធារណៈ ដ៏មានប្រសិទ្ធភាព ត្រូវខិតខំដកស្រង់បទពិសោធន៍ រៀនសូត្រនូវចំណុចល្អៗ បង្កើនចំណេះដឹង ចំណេះធ្វើបន្ថែមទៀត ដើម្បីយកមកអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងទូលំទូលាយ។

គួរបញ្ជាក់ជូនថា បើយោងតាមសកម្មភាពចុះធ្វើអធិការកិច្ចការងារឆ្នាំ២០២១ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថានធុនតូច និងមធ្យមលើវិស័យការងារ ស្ថិតក្រោមច្បាប់ស្តីពីការងារនៅក្នុងខេត្តបន្ទាយមានជ័យ៖ ១-មានសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សរុបចំនួន២៩០។ ២-មានកម្មករ និយោជិត សរុបចំនួន២៥,៥៣២នាក់ ស្រី១៤,៤៨៧នាក់ ដែលក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន២៣,៦១៩នាក់ ស្រី១៣,៧៦៦នាក់ កម្មករនិយោជិតបរទេសចំនួន១,៩១៣នាក់ ស្រី៧២១នាក់។

បើគិតចូលដល់អ្នកដែលមានឱកាសការងារធ្វើនៅក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដែលមានកម្លាំងពលកម្មរាប់ពាន់នាក់នឹងមានអ្នកត្រៀមខ្លួនចង់ចូលបម្រើការងារក្នុងប្រព័ន្ធ ទាំងខាងផ្នែកផលិតកម្មក្នុងវិស័យ ឧស្សាហកម្ម ឬខាងផ្នែកវិស័យទេសចរណ៍ និងមានចង់ចូលបំរើសេវាកម្មផ្សេងៗទៀត ប្រសិនបើមានការងារនោះ ដែលអាចឆ្លើយតបសមស្រប ទៅនឹងធនធានសមត្ថភាពដែលពួកគាត់មាន៕