(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានបើកវគ្គបណ្ដុះបណ្ដាលជំនាផលិតព័ត៌មាន ការរាយសរសេរព័ត៌មានបឋម ដល់មន្រ្តីតាមអង្គភាព ដែលទទួលបន្ទុកព័ត៌មានតាមបណ្ដាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្តសៀមរាប។
ថ្លែងក្នុងពិធីនៅដែលរៀបចំនៅសាលប្រជុំរដ្ឋបាលខេត្ត លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការផ្តួចផ្តើមបង្កើតវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ជាការដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យព័ត៌មានឲ្យកាន់តែមានភាពសម្បូរបែប ស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងបរិបទ «ព័ត៌មាននាសម័យឌីជីថល» ។ លោកបញ្ជាក់ថា សារព័ត៌មាន គឺជាវិស័យដ៏មានសារសំខាន់មួយ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលវិស័យនេះ បានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ ជាមួយវិស័យឯកជន និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច ជាមួយប្រជាជន អំពីគោលនយោបាយ ផែនការអភិវឌ្ឍនានា ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ សុខាភិបាល បរិស្ថាន អប់រំ កីឡា និងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។
លោក លី សំរិទ្ធ បានលើកឡើងថា ជាមួយនឹងការរីកចម្រើននៃវិស័យព័ត៌មាន ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមនានា ក៏មានចំនួនកើនឡើងឥតឈប់ឈរ ស្របពេលដែលការផ្សព្វផ្សាយ ប្រៀបដូចអាវុធមុខពីរ ដែលមានទាំងផលវិជ្ជមានផង និងផលអវិជ្ជមានផង ដែលកើតចេញពីអ្នកសារព័ត៌មានអាជីព និងព័ត៌មានប្រជាពលរដ្ឋ ដែលមានដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ ជាមួយវិស័យឯកជន តាមរយៈការផ្សព្វផ្សាយគោលនយោបាយ ផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍនានា សំដៅការផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ដើម្បីធ្វើការវិនិយោគទៅតាមគម្រោងផ្សេងៗដែលមានកាលានុវត្តភាព។
ចំណែកចំណុចអវិជ្ជមានដែលកើតពីការផ្សព្វផ្សាយព័ត៌មាន មិនពិត ធ្វើឱ្យមានការបំពុលសង្គម តាមរយៈ ការកេងចំណេញខាងនយោបាយ បក្សពួក ឬក្រុម និងផលប្រយោជន៍សារព័ត៌មានដែល ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល អាជ្ញាធរ មានសមត្ថកិច្ច និងប៉ះពាល់ដល់សិទ្ធិបុគ្គលជាដើម។ ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ បង្កឲ្យមានភាពចលាចលដល់សង្គម ការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច។ល។
ក្នុងនោះដែរ លោក លី សំរិទ្ធ ក៏បានជំរុញឲ្យមន្ត្រីដែលទទួលបានការបណ្តុះបណ្តាលក្នុងវិស័យព័ត៌មាន សូមសរសេរព័ត៌មានឲ្យមានលក្ខណៈត្រឹមត្រូវពិតប្រាកដ តម្លាភាព និងគោរពវិជ្ជាជីវៈ និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ហើយត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ»៕