(សៀមរាប)៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំសត្វពាហណៈរបស់ខ្លួនទៅចាក់វ៉ាក់បង្ការជំងឺក្នុងរដូវវស្សានេះ ដែលយុទ្ធនាការនេះធ្វើឡើងដោយឥតគិតថ្លៃ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានលើកឡើងថា ក្នុងមួយឆ្នាំយុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺសត្វគោក្របី ត្រូវបានធ្វើឡើងចំនួន២លើក ដើម្បីបង្ការការឆ្លងជំងឺមួយចំនួនដល់សត្វពាហណៈរបស់ប្រជាពលរដ្ឋ ដូចជាជំងឺសារទឹក អុតក្តាម និងបូសខ្យល់ជាដើម ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋចំណាយថវិកាឡើយ។ សម្រាប់ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការនូវយុទ្ធនាការនេះ គ្រប់ស្រុកទាំងអស់ទូទាំងខេត្ត ឱ្យបានមុនរដូវភ្លៀងធ្លាក់ជោគជាំចូលមកដល់។
លោកបន្ថែមថា យុទ្ធនាការផ្តល់វ៉ាក់សាំងដល់សត្វពាហណៈនេះ គឺរាជរដ្ឋាភិបាលបានគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋដោយមិនឱ្យសត្វចិញ្ចឹមមានគោ ក្របី របស់ពលរដ្ឋឈឺឡើយ ព្រោះថាប្រសិនមានជំងឺឈឺស្លាប់ វានឹងបណ្ដាលឱ្យខាតបង់ប្រយោជន៍ដល់ពលរដ្ឋធ្ងន់ធ្ងរ។ លោក ព្រំ វិច បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់សត្វគោ ក្របីទាំងអស់ក្នុងខេត្ត ត្រូវនាំយកសត្វគោ ក្របីរបស់ខ្លួន ទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗនារដូវវស្សានេះ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វ ពាហណៈ កំពុងបានចាប់ផ្តើម។
គួររំលឹកផងដែរ ជំងឺអុតក្តាម បូសខ្យល់ និងជំងឺសារទឹក ដែលកើតឡើងលើសត្វគោក្របី ជាជំងឺឆ្លង និងធ្វើឱ្យសត្វទាំងនោះងាប់លឿន ប្រសិនបើមិនទទួលបានវ៉ាក់សាំងទាន់ពេលវេលាទេនោះ ដែលជំងឺនេះតែងកើតជារឿយៗ ពិសេសក្នុងរដូវវស្សា៕