(ភ្នំពេញ)៖ គណៈកម្មការរៀបចំការ ប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា លើកទី២ ឆ្នាំ២០១៦ ឬ Cambodia ICT Awards 2016 បានបញ្ជាក់ថា ការទទួលពាក្យ ដើម្បីចូលរួមប្រកួតប្រជែង ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី២៥នេះ នឹងត្រូវពន្យារពេល ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ។
ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រកួត ក៏បានប្រកាសលើកពេល ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រផងដែរ ដោយលើកពីថ្ងៃទី១០ ខែមិថុនា ទៅថ្ងៃទី១៦ ខែមិថុនាវិញ។
ការទទួលពាក្យចូលរួមប្រកួតប្រជែង ចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ហើយរហូតមកដលថ្ងៃទី២៥ ខែឧសភានេះ មានក្រុមហ៊ុន និងស្ថានប័នចំនួន២៥ហើយ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែង «ពានរង្វាន់ Cambodia ICT Awards 2016» នេះ។
ការប្រកួត «ពានរង្វាន់ Cambodia ICT Awards 2016» រៀបចំឡើងដោយ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិតច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុន ឯកជន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យ ICT នៅកម្ពុជា។
សម្រាប់ការទាញយក សំណុំបែបបទចូលរួមប្រកួតប្រជែង អាចរកបានតាមរយៈគេហទំព័រ www.cambodiaictaward.com ដោយផ្ទាល់ រួចបំពេញឈ្មោះតាមរយៈទំរង់ពាក្យ អេឡិចត្រូនិក រួចផ្ញើ URL វិដេអូលើ Youtube មុននឹងចុចប៊ូតុង Submit។ បេក្ខជន/ ក្រុមហ៊ុនត្រូវដាក់ សំណុំបែបបទចូលរួម កម្មវិធីប្រកួតប្រជែង និងឯកសារពាក់ព័ន្ធដទៃទៀត ក្នុងស្រោមសំបុត្របិទជិតដោយដៃជាមួយត្រាបញ្ជាក់ក្រុមហ៊ុន របស់សាម៉ីខ្លួន ហើយផ្ញើទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឬអ៊ីម៉ែលអាស័យដ្ឋាន [email protected]៕