(ភ្នំពេញ)៖ សហគ្រិនខ្មែរ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវកម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise ដែលចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

កម្មវិធីសហគ្រិនជំនាន់ថ្មី ឬ NextGenEnterprise គឺជាកម្មវិធីបណ្តុះបណ្តាលទាក់ទងនឹង មូលដ្ឋានគ្រឹះនៃវិស័យសហគ្រិនភាពក្នុងគោលបំណងជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាពន្លកថ្មីឱ្យមានការស្វែងយល់កាន់តែច្បាស់អំពីសហគ្រិនភាព។

ក្នុងឆ្នាំ២០២២នេះ កម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise ប្រព្រឹត្តនៅតាមវិទ្យាល័យ ក្នុងរាជធានីខេត្តចំនួន៥ រួមមាន វិទ្យាល័យបាក់ទូក នៃរាជធានីភ្នំពេញ វិទ្យាល័យក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ វិទ្យាល័យសម្តេចឪ នៃខេត្តបន្ទាយមានជ័យ វិទ្យាល័យកំពង់ធំ នៃខេត្តកំពង់ធំ និង វិទ្យាល័យហ៊ុនសែនសៀមរាប នៃខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាល សហគ្រិនជំនាន់ថ្មី ដំណើរការទៅតាមផែនការ និងបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កាយ៉ាងជោគជ័យ ដោយទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានចូលរួមនៅតាមវិទ្យាល័យនីមួយៗ ហើយជាពិសេសកម្មវិធីនេះ ទទួលបានការចូលរួមពីសិស្សានុសិស្សលើសពីផែនការរំពឹងទុក ជាសរុបទាំង ៥ វិទ្យាល័យទទួលបាន លើសពី១០០០នាក់។

តំណាងសហគ្រិនខ្មែរ បានថ្លែងថា សហគ្រិនខ្មែរ រំពឹងថា ប្អូនៗសិស្សានុសិស្សទាំងអស់ ពិតជាទទួលបាននៅចំណេះដឹងយ៉ាងច្រើនអំពីកម្មវិធីនេះ ហើយសង្ឃឹមថា បន្ទាប់ពីទទួលបានចំណេះដឹង ជាមូលដ្ឋានពីកម្មវិធី សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise នេះរួច ប្អូនៗដែលមានចំណាប់អារម្មណ៍ឬ មានគំនិតក្នុងការបង្កើតអាជីវកម្មថ្មី នាពេលអនាគត អាចសាកល្បងសមត្ថភាពរបស់ខ្លួនជាបណ្តើរៗ តាមរយៈការចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗទៀត។

នៅក្នុងការបណ្តុះបណ្តាលនៅវិទ្យាល័យទាំង៥ វាគ្មិនកិត្តិយសដែលជាសហគ្រិនដ៏ជោគជ័យម្នាក់ ក៏បានធ្វើបទបង្ហាញយ៉ាងសកម្ម ជាមួយនឹងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ផ្តើមចេញពីជំហានដំបូង រហូតឈានដល់ក្លាយជាសហគ្រិនមួយរូប ដែលជាម្ចាស់គ្រប់គ្រងអាជីវកម្មជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ដោយលោកចែករំលែកយ៉ាងក្បោះក្បាយ និងបង្ហាញនូវគន្លឹះសំខាន់ៗ សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះគំនិតក្នុងការប្រែក្លាយខ្លួនជាសហគ្រិន ដល់សិស្សានុសិស្ស ដែលចូលរួមទាំងអស់គ្នា។

លោកគ្រូអ្នកគ្រូ ដែលបានចូលរួមសហការនៅក្នុងកម្មវិធីការបណ្តុះបណ្តាល បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង ចំពោះប្រធានបទរបស់កម្មវិធីបណ្តុះបណ្តាលនេះ ដែលផ្តោតលើការបណ្តុះគំនិត សហគ្រិនភាព ដល់សិស្សានុសិស្សឲ្យយល់ដឹងអំពី អ្វីទៅជាសហគ្រិន អ្វីជាម្ចាស់អាជីវកម្ម ហើយបណ្តុះការគិតរបស់សិស្សានុសិស្ស ឲ្យចេះប្រែក្លាយខ្លួន ជាសហគ្រិនវ័យក្មេងទៅតាម ជំនាញរបស់ពួកគេរៀងៗខ្លួន។

សិស្សានុសិស្សជាច្រើន ក៏បានបង្ហាញពីការពេញចិត្តជាខ្លាំង ដែលមានឱកាសចូលរួមក្នុងការបណ្តុះបណ្តាលនេះ ដែលប្អូនៗបានយល់ដឹងច្រើនពី សហគ្រិនភាព ដែលពីមុនមិនយល់ច្បាស់ អ្វីទៅជាសហគ្រិននោះទេ ហើយការបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេ ដែលជាយុវជនត្រូវស្វែងយល់ និងត្រៀមខ្លួនឲ្យបានល្អ ក្នុងការរៀបចំអនាគត និងហ៊ានជម្នះសាកល្បង ធ្វើទៅតាមជំនាញរបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្អូនៗ សង្ឃឹមថានឹងមានវគ្គក្រោយៗទៀត សម្រាប់សាលារបស់ពួកគេ ក៏ដូចជាសំណូមពរឲ្យពង្រីកការបណ្តុះបណ្តាលល្អៗបែបនេះ នៅតាមវិទ្យាល័យជនបទឲ្យបានច្រើន ដើម្បីជាថ្នាលប្រែក្លាយយុវជនទាំងអស់ ឲ្យក្លាយជាពន្លកសហគ្រិនឆ្នើមនាពេលអនាគត។ សហគ្រិនជំនាន់ថ្មី ឬ NextGen Enterprise គឺជាកម្មវិធីបណ្តុះវប្បធម៌សហគ្រិនភាព មួយក្នុងចំណោមសកម្មភាពជាច្រើន ទៀតនៃកម្មវិធីគោល របស់សហគ្រិនខ្មែរ

សហគ្រិនខ្មែរ ជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ អ្នកពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ ចក្ខុវិស័យរបស់ សហគ្រិនខ្មែរ គឺក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់វិស័យសហគ្រិនភាពនៅក្នុងស្រុក ក្នុងគោលបំណងបង្កើតចំនួនធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។

តាមរយៈចក្ខុវិស័យខាងលើ សហគ្រិនខ្មែរ បានជ្រើសរើសយកកម្មវិធីធំៗគោលចំនួន៤ជាយន្តការ ក្នុងការអនុវត្តសកម្មភាពកន្លងមក ដែលរួមមាន៖ កម្មវិធីបណ្តុះវប្បធម៌សហគ្រិនភាព កម្មវិធីអភិវឌ្ឍសមត្ថភាព កម្មវិធីកសាងបណ្តាញ និងកម្មវិធីមូលធនគាំទ្រ៕