(ព្រះវិហារ)៖ ឈើអាប្រភេទឈើផ្ចឹកប្រមាណ៤០ម៉ែត្រគូប ដែលឈ្មួញប្រើរូបភាពលាក់ទុកតាមផ្ទះប្រជាពលរដ្ឋ សម្រាប់នាំចេញទៅលក់តាមខេត្តនានា ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបរយៈពេល២ថ្ងៃជាប់ៗគ្នា។

លោក វុធ សាវី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះថា រយៈពេល២ថ្ងៃជាប់ៗគ្នា លោកបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការសម្របសម្រួល កម្លាំងចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើ ដែលឈ្មួញបានប្រើរូបភាពយកឈើទៅផ្ញើរតាមផ្ទះប្រជាពលរដ្ឋជាច្រើននៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ដើម្បីបន្លំភ្នែកសមត្ថកិច្ចរួចឈ្មួញយកគោយន្តដើរប្រមូលឈើនោះតាមផ្ទះ ប្រជាពលរដ្ឋដើម្បីដឹកយកទៅលក់នៅខេត្តស្ទឹងត្រែង។

បន្ថែមពីនេះ លោក វុធ សាវី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ បានរឹបអូសឈើផ្ចិកប្រមាណ៤០ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕