(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីសុខាភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន ត្រូវយកចិត្តទុកដាក់បង្ការពីការចម្លងមេរោគផ្សេងៗ នៅកន្លែងពិនិត្យព្យាបាលរបស់ខ្លួនឱ្យបានល្អ ដើម្បីសុវត្ថិភាពពេទ្យ ក្រុមគ្រួសារពេទ្យ ក៏ដូចជាអ្នកជំងឺ ដែលទៅទទួលការពិនិត្យព្យាបាលនៅកន្លែងរបស់ខ្លួន។
ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្ការការចម្លងរោគដល់អ្នកប្រកបវិជ្ជាជីវៈសេវាសុខាភិបាលឯកជន» នៅក្នុងក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅមន្ទីរសុខាភិបាលខេត្ត។
លោក គួង ឡូ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ដល់អ្នកប្រកបសេវាសុខាភិបាលឯកជន ដោយលោកសង្កត់ធ្ងន់ថា បើសិនជាម្ចាស់ទីតាំងបម្រើសេវាសុខាភិបាលឯកជនមិនយល់ពីការបង្ការការចម្ងងរោគ នៅក្នុងកន្លែងព្យាបាលទេ គឺវាអាចឱ្យអ្នកជំងឺដែលមកទទួលការព្យាបាលឆ្លងជំងឹអីផ្សេង ហើយពេទ្យអាចឆ្លងមេរោគពី អ្នកជំងឺឫមួយពីអ្នកជំងឺទៅក្រុមគ្រួសាររបស់ពេទ្យដោយសារតែកន្លែងព្យាបាលឯកជនភាគច្រើនគឺ យកផ្ទះធ្វើជាកន្លែងព្យាបាល។
ជាងនេះទៅទៀតលោក គួង ឡូ បានបន្ដថា គោលបំណងនៃការបណ្តុះបណ្តាលនេះ ក៍ចង់ឲ្យសេវាសុខាភិបាលឯកជន ទាំងអស់ចេះគ្រប់គ្រងសំណល់ វិជ្ជសាស្ត្រ តើត្រូវគ្រប់គ្រងយ៉ាងម៉េច? ទុកដាក់យ៉ាងម៉េច? មិនមែនយកសំណល់ វេជ្ជសាស្ត្រដែលប្រើរួចទៅដាក់កន្លែងចោលសម្រាមសាធារណៈ ឫដាក់តាមរថយន្តដឹកសម្រាមយកទៅចោល នៅទីចាក់សម្រាមនោះទេ ដែលនេះជាហេតុធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន និងការចម្លងមេរោគផ្សេងៗ ដល់ប្រជាពលរដ្ឋផងដែ។
បន្ថែមពីនេះលោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងណែនាំបន្ថែមដល់ទីតាំងបម្រើសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវះឲ្យបានល្អប្រសើរ ពោលកុំធ្វើការប្រកួតប្រជែង វាយប្រហារគ្នាដោយខ្វះក្រមសីលធម៍ វិជ្ជាជីវៈ ម្យាងវិញទៀតបើសិនជាអ្នកជំងឺដែលមកទទួលសេវាពិនិត្យព្យាបាលនៅកន្លែងយើងមានសភាពធ្ងន់ធ្ងរត្រូវ ធ្វើការបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ កុំទុកព្យាបាលឫសាកល្បងព្យាបាលដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត អ្នកជំងឺ៕