(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougse សកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី បានផ្ដល់អាហារូបករណ៍ ៤០កន្លែង ជូនសម្ដេចតេជោ ដើម្បីផ្ដល់ឱកាសដល់និស្សិតខ្មែរដែលចង់ទៅសិក្សានៅប្រទេសថៃ។

ក្នុងឱកាសជំនួបជាមួយសម្ដេចតេជោ, លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកាន់កម្ពុជានៅពេលនេះ គឺមានគោលបំណង៣ រួមមាន៖

ទី១៖ គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលមជ្ឈមណ្ឌលនេះ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ ។

ទី២៖ គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេចតេជោចំនួន ៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ

និងទី៣៖ គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោសារជាថ្មីនាឆ្នាំក្រោយ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងរីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់។

សម្តេចបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោ សម្រាប់សិស្សកម្ពុជា ទៅសិក្សានៅប្រទេសថៃ ។ សម្ដេចក៏បានសុំឲ្យឯកឧត្ដម បន្តពិភាក្សាជាមួយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។

ដោយឡែកចំពោះការស្នើសុំជួបសម្ដេចតេជោសារជាថ្មីនៅឆ្នាំក្រោយនោះ សម្តេចតេជោ បានសម្ដែងនូវសេចក្ដីរីករាយ និងជួបលោកសាស្ត្រាចារ្យរាល់ពេល ដែលលោកអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ៕