(ភ្នំពេញ)៖ របាំប្រពៃណីខ្មែរ «ឆៃយ៉ាំ» នឹងត្រូវយកទៅសម្តែង ដើម្បីទទួលគណប្រតិភូទាំង ៣៨ប្រទេស ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ។ នេះបើតាមលោក គឹម ពីនន់ អនុរដ្ឋលេខាធិក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី២៩ (29th ASEAN Regional Forum) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

លោក គឹម ពីនន់ ដែលជាអនុប្រធានក្រុមការងារសហគមន៍សង្គមវប្បធម៌ នៃក្រុមការងារអនុគណៈកម្មការទី៦ ដើម្បីរៀបចំ «កិច្ចប្រជុំ និងព្រឹត្តិការណ៍អម (Side-Events)» ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងនាមជាផ្នែកទទួលបដិសណ្ឋារកិច្ចឲ្យបានល្អ ដល់គណៈប្រតិភូអន្តរជាតិ ដែលមកចូលរួមកិច្ចប្រជុំនេះ នឹងមានការរៀបចំការសម្តែងដោយសិល្បករជាច្រើនរូប។

លោកបន្តថា បណ្តាសិល្បករទាំងអស់ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ ៣សំខាន់ៗ រួមមាន ការស្វាគមន៍អាហារពេលល្ងាច (Welcome Dinner) ពិធីបើកព្រឹត្តិការណ៍ (Opening Ceremony) និងកម្មវិធីហ្កាឡាឌីនើ ដែលជាពិធីជប់លៀងដ៏ធំពេលល្ងាច (Gala Dinner)។ ក្នុងឱកាសនោះ នឹងមានការសម្តែងជាច្រើនទៀត ដូចជា របាំប្រពៃណី ជាពិសេសការរាំរបាំស្វាគមន៍អាស៊ាន ២០២២ (ASEAN Welcome Dance 2022) សម្រាប់ពិធីបើកព្រឹត្តិការណ៍ និងការរាំរបាំទង់ជាតិ ៣៨ប្រទេសផងដែរ សម្រាប់កម្មវិធីហ្កាឡា។

«បន្ថែមលើនេះ ក្រសួងវប្បធម៌ ក៏បានគ្រោងឲ្យមានការសម្តែងឆៃយ៉ាំ ដែលជារបាំប្រពៃណី ដើម្បីស្វាគមន៍គណៈប្រតិភូទាំងអស់ ដោយអមនឹងចម្រៀងអន្តរជាតិដ៏មានអត្ថន័យ ដែលមកពីអាស៊ានទាំងមូល»។ នេះបើតាមលោក គឹម ពីនន់។

សូមជម្រាបថា AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕