(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋាន បច្ចេកទេស និងកិច្ចសន្យាសាងសង់ធានាឱ្យផ្លូវនេះ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១៤៦B នេះ បានសម្រេចការសាងសង់ជាង៩៩%ហើយ ក្នុងនោះក្រសួងក៏ចុះធ្វើតេស្តគុណភាពចំនួន ៤១៤កន្លែង រកឃើញធ្លាក់តែ ២កន្លែងប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការធ្វើផ្លូវនេះដើម្បីជាការជួយសម្រួលដល់រថយន្តដឹកទំនិញធន់ធ្ងន់ ដែលអាចវាងចូលដល់កំពង់ផែតែម្តង ជៀងវាងចូលទៅក្នុងក្រុងព្រះសីហនុ ដែលអាចបង្ករឱ្យមានការកកស្ទះ។ ជាមួយនោះក្រសួងក៏កំពុងពិនិត្យលទ្ធភាពរៀបចំឱ្យរថយន្តដឹកទំនិញចេញពីកំពុងផែក្រុងព្រះសីហនុ វាងតាមផ្លូវ១៤៦B ឡើងលើផ្លូវល្បឿនលឿនតែម្តង។
ក្រោយពីការចុះធ្វើតេស្តរកឃើញមានកំហុស និងបានណែនាំឱ្យក្រុមហ៊ុនធ្វើឱ្យល្អប្រសើឡើងវិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំដល់បណ្តាក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ ខិតខំពង្រឹងការសាងសង់ឱ្យបានល្អ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ ដោយក្រសួងមិនអាចទទួលយកបាននោះទេនៅការសាងសង់ផ្លូវដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ដោយបច្ចុប្បន្ននេះក្រសួងមានសម្ភារទំនើបៗ រួមទាំងអ្នកជំនាញជាច្រើនក្រុម ចុះតាមដានជាប់ជានិច្ច ធ្វើយ៉ាងណាឱ្យការសាងសង់ផ្លូវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាប់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ទៀតថា គម្រោងសាងសង់ផ្លូវលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់ លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣.០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុង ខែសីហា ឆ្នាំ២០២២។
គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិផងដែរ៕