(ប៉ៃលិន)៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះទៅរឹបអូសទឹកអាស៊ីតរូបទន្សាយដែលប្រើ ជំនួសទឹកអាស៊ីត នៅតាមផ្សារ និងតាមផ្ទះលក់ដូរ ដែលលួចនាំចូលពីប្រទេសថៃតាមច្រករបៀង។

លោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានថ្លែងថា «បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ គឺមានតម្លៃលើសពី គ្រាប់ពេជ្រ»។ ក្នុងសកម្មភាពស្វែងរកទឹកខ្មេះនេះដែរ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានប្រមូលទឹកខ្មេះរូបទន្សាយក្រហម មួយចំនួន ដែលកន្លងមកនេះ ក្រុមអាជីវករ ដូចជាប្រជាពលរដ្ឋតែងតែទិញយកធ្វើជ្រួក ឬម្ជូរផ្សេងៗ ព្រោះវាងាយក្នុងការធ្វើឲ្យម្ហូបឆាប់ជូរហ័ស ទាន់ចិត្ត។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា «បច្ចប្បន្ននេះពលរដ្ឋយើង ខ្វះការយល់ដឹងពីមុខម្ហូប ឬមុខទំនិញណា ប៉ះពាល់ដល់សុខភាព និងគ្មានគុណភាព មុននិងទិញត្រូវមើលឲ្យបានច្បាស់លាស់ ដូច្នេះហើយមន្ត្រីយើងតែងតែខិតខំអនុវត្តន៍ ធ្វើការណែនាំដល់ក្រុមអាជីវករ ប្រជាពលរដ្ឋផងដែរ»។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះដែរ ក្រុមអាជីវករយើងភាគច្រើនបានប្រើទឹកខ្មេះ រូបទន្សាយក្រហម ដែលនាំពីប្រទេសថៃជំនួសទឹកខ្មេះ ទៅវិញតែចំពោះទឹកខ្មេះនេះ នៅប្រទេសថៃ គេហៅថាទឹកអាស៊ីត សម្រាប់លាយផ្សំជាមួយ ប្រភេទក្រណាត់និងពណ៌ផ្សេងៗធ្វើឲ្យជាប់ ពណ៌បានយូរអង្វែង។ លោកបានបន្ថែមថា ចំណែកក្រុមអាជីវករខ្មែរយើងវិញ បានយកទឹកខ្មេះរូបទន្សាយក្រហម មកធ្វើជាជ្រួកស្ពៃ ជ្រួកត្រកួន និងម្ជូរផ្សេងៗ សម្រាប់ធ្វើម្ហូបអាហារ ហើយលក់ទៅឲ្យភ្ញៀវ ព្រមទាំងបរិភោគខ្លួនឯង ពីព្រោះទឹកខ្មេះរូបទន្សាយនេះវាងាយ នឹងមានជាតិជូឆាប់រហ័ស ឆាប់យកទៅលក់តាមទីតាំង។

សូមបញ្ជាក់ថា ទឹកខ្មេះរូបទន្សាយនេះ គេហៅថា ជាទឹកអាស៊ីតរូបទន្សាយ ដែរខ្មែរយើងកំពុងពេញនិយម ប្រើប្រាស់ជំនួសទឹកខ្មេះ លាយផ្សំ។ ទឹកអាស៊ីតរូបទន្សាយត្រូវបាន ច្បាប់ប្រទេសកម្ពុជាយើង ហាមឃាត់មិនឱ្យនាំចូល វាបង្កប៉ះពាល់សុខភាពយ៉ាងធ្ងន់ ដល់អ្នកបរិភោគ ហើយបង្កប៉ះពាល់ មានជម្ងឺ ក្រពះ ពោះវៀន ថ្លើម ប្រម៉ាត់ តម្រងនោម និងអាចឈានដល់កើតជម្ងឺមហារីក ស្លាប់បាត់បង់ជីវិតផងដែរ៕