(ភ្នំពេញ)៖ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការភាព ចំនួន១៤៥គ្រួសារ នៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង ទទួលបានអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ពិធីប្រគល់អំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ បានធ្វើឡើងក្រោមវត្តមានលោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។

នាឱកាសនោះ លោក ធឹម សំអាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការការពារខ្លួនជានិច្ច គឺ «៣ការពារ និង៣កុំ»។

លោក ធឹម សំអាន បានបន្តទៀតថា ចំពោះអំណោយជាគ្រឿងឧបភោគ បរិភោគចែកជូនដល់ដៃប្រជាពលរដ្ឋក្រីក្រនៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយនេះជាទឹកចិត្តអាណិតអាសូររបស់អាជ្ញាធរខណ្ឌ និងសង្កាត់ដល់ប្រជាពលរដ្ឋក្រីក្រ ហើយអំណោយនេះនឹងបានជួយចែករំលែករាល់ការលំបាករបស់ប្រជាពលរដ្ឋក្រីក្របានមួយគ្រា។ ប៉ុន្តែ សូមប្រជាពលរដ្ឋ ត្រូវប្រឹងប្រែងធ្វើការរកទទួលទាន តាមលទ្ធភាព ដែលបងប្អូនមានផងដែរ។

ជាមួយគ្នានោះលោក ធឹម សំអាន បានរំឮកទៅដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមថែទាំសុខភាព និងអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ៤កំប៉ុង ម៉ាស់១ប្រអប់ និងជែលលាងដៃ១ដប៕