(បន្ទាយមានជ័យ)៖ ផ្សារបុរីជ័យ ហៅផ្សារអូរស្ងួត ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រូវបានចំណាយ ថវិកាវិនិយោគប្រមាណតម្លៃ២លានដុល្លារ ត្រូវបានដាក់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមវត្តមានរបស់លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន បវរ អភិបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក សួន បវរ បានថ្លែងឱ្យដឹងថា ផ្សារដ៏ធំនៅតំបន់ឆ្ងាយពីទីរួមខេត្ត ក្រោមការវិយោគទឹកប្រាប់ប្រមាណជា២លានដុល្លារ ដើម្បីរួមចំណែកការអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្ដថា «ខេត្តយើងនេះជួបនូវគ្រោះធម្មជាតិ រាំងស្ងួត បងប្អូនយើងជាង៥ម៉ឺនគ្រួសារ ខ្វះទឹកប្រើប្រាស់ ការងារបង្កបង្កើតផង ការដាំដុះ មានដំណាំរួមផ្សំ ការធ្វើស្រែចំការ២ទៅ៣ដងក្នុងមួយឆ្នាំ ត្រូវបានខកខាន និងខូចខាត់មួយចំនួនរបស់ប្រជាកសិករ»។
លោកថា គ្រោះធម្មជាតិនេះក្រុមការងាររដ្ឋបាលខេត្តបានប្រឹងប្រែង ទាក់ទងជាមួយ និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីទំលាក់ទឹកមកពីអាំងទឹកកំពីងពួយ និងកាយស្តារស្ទឹង ដើម្បីទំលាក់ទឹកចូលមកស្ទឹងក្នុងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមលោកជាអាជ្ញាធរខេត្ត បានបង្ហាះឆន្ទះ និងគាំទ្រចំពោះការរៀបចំ ឲ្យមានផ្សារធំថ្មីបុរីជ័យ ប្រកបដោយសោភ័ណភាព និងផ្ដាំផ្ញើដល់ក្រុមហ៊ុន គណៈកម្មាការគ្រប់គ្រងផ្សារ បងប្អូនអាជីវករ ពាណិជ្ជករទាំងអស់ ត្រូវប្រើប្រាស់សមិទ្ធិផលនេះ ប្រកបដោយប្រសិទ្ធភាព គុណភាព ដោយយកចិត្តទុកដាក់ ការរៀបចំបណ្តាញផ្លូវដោយភ្ជាប់ និងប្រព័ន្ធរំដោះទឹកចេញពីផ្សារ និងត្រូវចាប់អារម្មណ៍បញ្ហាអនាម័យ ព្រោះកាលណាមានផ្សារ គឺមានសំរាម ត្រូវគិតគូរទុកជាមុន ពីទីតាំងចាក់សំរាម សម្រាប់ពេលអនាគត ត្រូវរក្សាឲ្យបាននូវបរិស្ថាន និងអនាម័យល្អ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយទីផ្សារ ប្រាកដដោយសុវត្ថិភាពល្អ។
ក្នុងឱកាសនោះដែរ លោកឧញ៉ា ភួយ ពុយ ជាម្ចាស់ក្រុមហ៊ុនបានថ្លែងថា ផ្សារជ័យបុរី (អូរស្ងួត) មានទំហំ៣០ម៉ែត្រគុណ និង១២០ម៉ែត្រ នៅលើផ្ទៃដីចំនួន២៧ហិតា និងដីល្វែង និងផ្ទះល្វែង។ ក្នុងនោះដែរលោកឧញ៉ា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ៤៤៤នាក់ និងទទួលបានក្រមា១ និងអង្ករ៤គីឡូក្រាម ផងដែរ៕