(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ប្រធានាធិបតីអាមេរិក លើទឹកដីវៀតណាម គូសត្រូវចាស់ក្នុងសម័យសង្រ្គាម ក្រោយការចងភ្ជាប់ការទូតឡើងវិញ រយៈពេល ២២ឆ្នាំ (១៩៩៤-២០១៦) បានធ្វើឲ្យខ្សែភ្នែក របស់ប្រទេសនៅលើពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីតែម្តងចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាការគិតគូរ និង ក្រសោបយកផលប្រយោជន៍ ជាជាងការគិតគូរពីបញ្ហាសិទ្ធិសេរីភាព របស់មនុស្សជាតិ សិទ្ធិរបស់ជនជាតិដើមលើទឹកដីវៀតណាម ដែលកំពុងរងការរំលោភបំពាន និង ជិះជាន់យ៉ាងឈឺចាប់ខ្លោចផ្សារជាទីបំផុត។

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីស្បែកខ្មៅដំបូងរបស់អាមេរិក បានផ្តើមទស្សនកិច្ចជាផ្លូវការ និង ជាប្រវត្តិសាស្ត្រនៅលើទឹកដីវៀតណាម កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ការជាន់ជើងរបស់ប្រធានាធិបតីអាមេរិក លើទឹកដីដែលឆក់យកជីវិតទាហាន អាមេរិករាប់ពាន់នាក់ ក្នុងសម័យសង្រ្គាមត្រជាក់ ទសវត្សរ៍ឆ្នាំ៧០ នារីវៀតណាមដ៏ស្រស់ស្អាត និងល្វត់ល្វត់ត្រូវបានគេយកមកទទួល ប្រធានាធិបតីស្បែកខ្មៅ រូបនេះ។

បើទោះបីអាមេរិក និងវៀតណាម មានប្រវត្តិដ៏សែនជូរចត់ និងឈឺចាប់យ៉ាងណាក្តី តែទស្សនកិច្ចរបស់លោក ប៉ារ៉ាក់ អូបាម៉ា លើទឹកដីកុម្មុយនិស្តវៀតណាម មិនបានរំលឹកដល់ឡើយនូវប្រវត្តិឈឺចាប់ទាំងឡាយនោះ ពួកគេបានយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រីក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ក្រៅពីការពង្រីកពង្រឹងទំនាក់ទំនងទៅហើយ អាមេរិក បានផ្តល់កញ្ចប់ការដូដ៏មហិមាសម្រាប់វៀតណាម នៅក្នុងដំណើរទស្សនកិច្ចនេះ គឺការដកទណ្ឌកម្មជួញដូរសព្វាវុធ ដែលបានសង្កត់លើប្រទេសវៀតណាម តាំងពីឆ្នាំ១៩៧៥មកនោះ។

ការពង្រីកទំនាក់ទំនងដ៏លឿនលយដូចផ្លេកបន្ទោរ រវាងប្រទេសមហាអំណាចប្រកាន់របបសេរី និងប្រទេសប្រកាន់ របបកុម្មុយនីស្តពោរពេញ ដោយការរំលោភបំពាន និងការជិះជាន់សិទ្ធិសេរីភាពនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្រឡាំងគាំងយ៉ាងខ្លាំងពីអ្នកស្រឡាញ់ប្រជាធិបតេយ្យ ក្នុងឆាកអន្តរជាតិ។ អ្នកស្រឡាញ់ និងនិយមរបបប្រជាធិបតេយ្យទាំងនោះ កាន់តែឆ្អែតចិត្ត និងគ្មានវាចារអ្វីទាំងអស់ នៅពេលដែលវត្តមានរបស់ លោក អូបាម៉ា នៅវៀតណាម និយាយទាំងខ្លីមាត់ខ្លីកពីបញ្ហាសិទ្ធិមនុស្ស និង សិទ្ធិសេរីភាពរបស់មនុស្សជាតិ។

មានសកម្មជនទាមទារសិទ្ធិសេរីភាពជាច្រើននៅក្នុងប្រទេសវៀតណាម បានត្រៀមធ្វើការតវ៉ាបង្ហាញនូវទុក្ខវេទនា របស់ពួកគេទៅកាន់ប្រធានាធិបតី នៃប្រទេសល្បាញល្បីលើការការពារសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមួយនេះ តែត្រូវអាជ្ញាធរវៀតណាមរារាំង កុំថាឡើយពន្លឺសិទ្ធិសេរីភាព សូម្បីតែភក្រ្តាដ៏ប្រិមប្រិយរបស់លោក អូបាម៉ា គ៏ពួកគេ គ្មានវាសនាឃើញនោះឡើយ។ ពលរដ្ឋខ្មែរកម្ពុជាក្រោម ជាខ្មែរម្ចាស់ស្រុក ក៏បានផ្ញើញត្តិ ផ្ញើក្តីរំពឹងទាមទារ សិទ្ធិសេរីភាព និងទាមទារឲ្យអាជ្ញាធរវៀតណាមបញ្ឈប់ការជិះជាន់ និងរំលោភបំពាន ជូនទៅលោក អូបាម៉ា ផងដែរ តែគេមិនឮលោកប្រធានាធិបតីរូបនោះលើកឡើងឡើយ។

តាមរយៈដំណើរទស្សនកិច្ច ដែលគិតគូរពីផលប្រយោជន៍ធំជាងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព ដែលអាមេរិកទន្ទេញរត់មាត់ថា ជាគោលការណ៍ក្នុងរបបនយោបាយរបស់ខ្លួននេះ បានធ្វើឲ្យមានការខកចិត្តខ្លាំង ពីអ្នកប្រជាធិបតេយ្យនិយម ហើយក៏មានការរិះគន់ខ្លាំងណាស់ ផងដែរ ចំពោះការធ្វើមិនឃើញរបស់អាមេរិក ចំពោះទុក្ខលំបាក និងការជិះជាន់លើសិទ្ធិសេរីភាពរបស់មនុស្សជាតិ នៅក្នុងប្រទេសវៀតណាម។

ជារួមមកទស្សនកិច្ចរបស់លោក អូបាម៉ា ក្នុងប្រទេសវៀតណាម វាជាកញ្ចក់ដ៏ភ្លឺចិញ្ចែងចិញ្ចាចបង្ហាញយ៉ាងច្បាស់ សម្រាប់អ្នកប្រជាធិបតេយ្យនិយម រួមទាំងពលរដ្ឋកម្ពុជាផងដែរថា បញ្ហាសិទ្ធិសេរីភាពរបស់មនុស្សជាតិ សម្រាប់អាមេរិក វានៅតែមិនអាចប្រៀបផ្ទឹមជាមួយផលប្រយោជន៍បានឡើយ។ អាមេរិក បានមើលឃើញយ៉ាងច្បាស់ ពីការទាញយកផលប្រយោជន៍ពីប្រទេសវៀតណាម ទាំងផ្នែកសេដ្ឋកិច្ច និងការពង្រីកឥទ្ធិពល និង អំណាចរបស់ខ្លួនក្នុងតំបន់អាស៊ី ជាពិសេសទប់ស្កាត់ការរីកសាយភាយឥទ្ធិពលរបស់ចិន ដែលជាគូរប្រជែងរបស់ខ្លួន ដូច្នេះកុំថា ការបំភ្លេចនូវបញ្ហាសិទ្ធិសេរីភាពរបស់មនុស្សជាតិ ដែលជាគោលការណ៍របស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ សូម្បីតែភាពឈឺចាប់ និង គំនរឆ្អឹងរបស់ទាហានអាមេរិក ក្នុងសម័យសង្រ្គាមក៏អាមេរិក ត្រូវតែបំភ្លេចោលផងដែរ។ សូម្បីតែលោក ចន ម៉ាក់ឃេន សមាជិកព្រឹទ្ធសភាអាមេរិក និង ជាអតីតទាហានរបស់អាមេរិក ហើយត្រូវទាហានវៀតណាម ចាប់ជាឈ្លើយសឹកក្នុងសម័យសង្រ្គាម ក៏បានបំភ្លេចភាពឈឺចាប់ផ្ទាល់ខ្លួន ដើម្បីចាប់ប្រយោជន៍ពីវៀតណាម។

ដូច្នេះអ្នកប្រជាធិបតេយ្យនិយម រួមទាំងពលរដ្ឋកម្ពុជា អាចនឹងមើលឃើញច្បាស់ថា បញ្ហាសិទ្ធិសេរីភាព បញ្ហាប្រជាធិបតេយ្យ វាគ្រាន់តែជារបាំងបិទបាំងភាពខ្មៅងងឹត របស់អាមេរិកតែប៉ុណ្ណោះ តែទីបំផុតទៅផលប្រយោជន៍ ទើបជារឿងដែលអាមេរិក ត្រូវតែផ្តោតជាសំខាន់។ សមដូចពាក្យទំនាក់ទំនងការទូតអន្តរជាតិ មួយឃ្លាថា «ទំនាក់ទំនងការទូតគ្មានមិត្ត គ្មានសត្រូវ គឺមានតែប្រយោជន៍ ប្រទេសធំ មិនដែលមើលឃើញ ប្រយោជន៍ប្រទេសតូចឡើយ»