(ឧត្តរមានជ័យ)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានពាំនាំអាវភ្លៀងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត យកទៅចែកជូនដល់កងកម្លាំងទាំងបី នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២៥១ នៃកងពលតូចអន្តរាគមន៍លេខ៥ ស្ថិតនៅភូមិឈើស្លាប់ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានកងកម្លាំងចូលរួមសរុប៧១៨នាក់ និងអាវភ្លៀងជិត៩ពាន់អាវ។
នៅក្នុងពិធីចែកអាវភ្លៀងខាងលើនេះ ក៏មានការចូលរួមផងដែរ ពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការប្រចាំទិសភូមិភាគទី៤និងទី៥ លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះចែកអាវភ្លៀងជាអំណោយរបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដល់កងទ័ព និងកងកម្លាំងនគរបាលជាតិទិសទី១ ជាការឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ របស់សម្តេចតេជោ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជានៃយើង។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រៀងរាល់ឆ្នាំតែម្តង មិនថារដូវភ្លៀង ក្តៅ រងា សម្តេចតេជោហ៊ុន សែនតែងតែយកចិត្តទុកដាក់ ដល់កងទ័ពនៅសមរភូមិមុខមិនដែលដាច់នោះទេ ហើយតែងតែគិតគូរគ្រប់ពេលវេលា ចំពោះការរស់នៅប្រចាំថ្ងៃ របស់កងកម្លាំងគ្រប់ប្រភេទ៕