(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក KADA Hiroyuki អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនក្នុងវិស័យច្បាប់ និងយុត្តិធម៌

ខ្លឹមសារសំខាន់ៗនៃជំនួបនេះរួមមាន៖

ទី១៖ អំពីការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ឆ្នាំ២០២៣៖ តាមសំណើរបស់អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន, ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ដែលគ្រោងនឹងរៀបចំនៅខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ានលើវិស័យច្បាប់ និងយុត្តិធម៌។

កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងស្របពេលនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងរវាងជប៉ុន-កម្ពុជា និងខួបលើកទី៥០ នៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន។

និងទី២៖ អំពីកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ UNAFEI៖ លោករដ្ឋមន្ត្រី បានសំដែងនូវអំណរគុណចំពោះអង្គការ UNAFEI ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជាតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។

តាមសំណើរបស់កម្ពុជា, អង្គការ UNAFEI នឹងរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុនដល់មន្ត្រីរាជការក្រសួងយុត្តិធម៌ ដើម្បីដកស្រង់បទពិសោធន៍របស់ប្រទេសជប៉ុនពាក់ព័ន្ធនឹងការអនុវត្តទោសសហគមន៍។

ទន្ទឹមនេះ, ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ, អង្គការ UNAFEI នឹងបន្តរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល និងការពង្រឹងធនធានមនុស្សកម្ពុជាលើវិស័យផ្សេងៗទៀតតាមការចាំបាច់៕