(កំពង់ឆ្នាំង)៖ បុរសបង់សំណាញ់ម្នាក់ ដែលបានរអិលជើងធ្លាក់ទឹក និងត្រូវទឹកកួចបាត់នៅទំនប់បារាំង ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ត្រូវបានប្រទះសពអណ្តែត នៅចំណុចភូមិចុងកោះ ដែលមានចម្ងាយជិត២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដានេះ។

សូមជម្រាបថា បន្ទាប់ពីទទួលព័ត៌មានជុំវិញបុរសម្នាក់បានរអិលធ្លាក់ទឹក និងត្រូវទឹកកួចយកទៅបាត់ ក្រុមការងារចម្រុះដឹកនាំដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានជួលប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ដែលមានជំនាញខាងមុជទឹក ចុះមុជរាវរកសពជនរងគ្រោះ ដែលបានរអិលជើងធ្លាក់ទឹកហូរកួចខ្លាំង ចំណុចទំនប់បារាំងយ៉ាងសស្រាកសស្រាំផងដែរ។

សពបុរសរងគ្រោះមាន ឈ្មោះ អួន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ មុនពេលមកបង់សំណាញ់ រូបគេបានហូបស្រារួចក៏មកបង់សំណាញ់នៅខ្នងទំនប់បារាំង វេលាម៉ោងជាង៨៖០០នាទីយប់ ដែលខ្លួនមិនដែលមកទីនេះសោះ ចៃដន្យក៏ជួបគ្រោះថ្នាក់ដល់អាយុជីវិតតែម្ដង។

សពបុរសរងគ្រោះត្រូវបានក្រុមការងារចម្រុះ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕