(ភ្នំពេញ)៖ ព្រឹកមិញនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទល់មុខតុលាការក្រុងប៉ែកខាងផ្សារសីុធីម៉ល គេឃើញមានរថយន្តស៊េរីទំនើបៗ២គ្រឿង ១គ្រឿងម៉ាកអូឌី និង១គ្រឿងទៀតម៉ាកលុច្សសុីស៤៧០ពាក់ស្លាកលេខរដ្ឋសភា ចតនៅលើទ្រូងផ្លូវត្រូវនឹងទិសដៅចរាចរហើយ តែរថយន្តនេះចតទន្ទឹមគ្នាខុសច្បាប់ចរាចរ ដែលច្បាប់មិនឲ្យចតទន្ទឹមគ្នាបែបនេះ ព្រោះនាំឲ្យកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។
មិត្តអ្នកអានដែលជិះកាត់ឃើញ បានបញ្ជូនរូបថតផ្ញើរមកឲ្យនាយខ្វែក ជួយបកស្រាយដោយគាត់អះអាងថា យោងតាមច្បាប់ចរាចរដឹងតែចតខុសហើយ តែគាត់ឆ្ងល់ថាតិចលោ! រថយន្តតំណាងរាស្ត្រ ឬអ្នកតំណាងរាស្ត្រគេមានអភ័យឯកសិទ្ធិអាចចតរថយន្តបានស្រេចនឹងចិត្តទៅ?
ដល់តែមិត្តអ្នកអានសួរដូច្នេះ នាយខ្វែកដូចចង់ទាល់ផស់គាត់ដែរ! នាយខ្វែកធ្វើអ្នកកាសែតជាង២០ឆ្នាំ ច្បាប់ដូចជាដឹងអាចដូរបាយសុីបានដែរ តែមកទាល់តំរិៈពេលគាត់សួរថា «សិទ្ធិតំណាងរាស្ត្រ និងច្បាប់មួយណាធំជាងទៅវិញ?»។ ដូច្នេះដើម្បីកុំឲ្យខ្មាសមិត្តអ្នកអាន មានតែផ្ញើសារជាចំហសួរទៅស្ថាប័នរដ្ឋសភា និងស្ថាប័នរដ្ឋធម្មនុញ្ញបន្តទេទើបដឹង និងអាចបកស្រាយបាន។ សង្ឃឹមថាប្រិយមិត្តនឹងទទួលបានការបកស្រាយពីលោកអ្នកតំណាងរាស្ត្រម្ចាស់រថយន្តទាំងពីរគ្រឿងនេះ ឬពីស្ថាប័នច្បាប់ពាក់ព័ន្ធ រថយន្តតំណាងរាស្ត្រចតអនាធិបតេយ្យខាងលើនេះ ជាមិនខាន តែមេត្តាកុំឆ្លើយដាក់ថាមកពីអ្នកបើកបរជាអ្នកចតឲ្យសោះ..!៕