(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) នៅចុងខែកក្កដានេះ។ នេះបើតាមលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក លុយ ដាវីត ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ផងនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ យើងបានរៀបចំរួចរាល់អស់ហើយ។ គ្រប់ផ្នែកទាំងអស់ យើងបានរៀបចំអស់ហើយ។ យើងរង់ចាំទទួលតែគេទេ (គណៈប្រតិភូ)។ នៅក្នុងបញ្ជីដែលយើងអញ្ជើញ រដ្ឋមន្ត្រីការបរទេសទាំងអស់សរុប ៣៨ប្រទេស ដែលជាភ្ញៀវរបស់ប្រធានអង្គប្រជុំ និងអគ្គលេខាធិការអាស៊ាន សរុប ៣៩គណៈប្រតិភូ»។
លោកបន្តថា លិខិតអញ្ជើញត្រូវបានបញ្ជូនចេញអស់ហើយ កាលពីខែមិថុនា។ ឥឡូវនេះ គណៈប្រតិភូដែលត្រូវចូលរួមប្រជុំ ចាប់ផ្តើមចុះឈ្មោះ តាមប្រព័ន្ធអនឡាញ (Online) ដែលមានគេហទំព័រមួយគឺ asean2022 ។
លោក លុយ ដាវីត បានបន្ថែមថា យោងតាមកម្មវិធី នៅថ្ងៃទី៣០ និង ៣១ ខែកក្កដា មានការប្រជុំថ្នាក់អគ្គនាយក ដើម្បីចរចាទៅលើការរៀបចំអត្ថបទទាំងអស់ សម្រាប់កិច្ចប្រជុំ ហើយនៅថ្ងៃទី១ ខែសីហា ចាប់ផ្តើមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន។ រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេស ចាប់ផ្តើមនៅថ្ងៃទី២ ខែសីហា។
សូមជម្រាបថា AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។
AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។
គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕