(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងឆបោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឱ្យដឹងថា ករណីនេះកម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុមួយកន្លែង មានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានគូសបញ្ជាក់ថា ជនរងគ្រោះបានឲ្យដឹងថា ថ្មីៗនេះរូបគាត់ទើបតែទទួលបានព័ត៌មាន និងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប្លង់ដី) របស់ខ្លួន ត្រូវបានផ្ទេរចេញទៅឈ្មោះ ឈឿង ច័ន្ទពិសិដ្ឋ និងឈ្មោះ ទុំ ដាឡែន ទៅវិញ ដែលការពិតដីនេះ គឺជនរងគ្រោះពុំធ្លាប់ដែរបានលក់ដូរ ឬធ្វើការចាត់ចែងណាមួយ ទៅតតីយជន (ជនទីបី) នៅឡើយទេ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបន្តថា ក្រោយពីធ្វើការស៊ើបអង្កេតបឋមតាមនីតិវិធីរួចមក និងធ្វើសេចក្តីរាយការណ៍ ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះ ឈឿង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ៣១៧ អ.យ.ក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៕